ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ និងរន្ទះបាញ់ស្លាប់ ចំនួន ៦២គ្រួសារ/នាក់ នៅស្រុកព្រះស្តេច ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៦១គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ២១គ្រួសារ (ប្រភេទ ក) ខូចខាតមធ្យមចំនួន ៤០គ្រួសារ (ប្រភេទ ខ) និងរន្ទះបាញ់ស្លាប់ ១នាក់ ក្នុងស្រុកព្រះស្តេច នៅឃុំបឹងដោល អង្គររាជ្យ និងឃុំជៃកំពក ស្មើនឹង ៩ភូមិ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤ៈ៣០នាទីល្ងាច។

នាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពុសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ដែលខូចខាតផ្ទះ ទ្រព្យសម្បត្តិ ផលដំណាំ និងបង្កអោយមានរបួស និងបាត់បងជិវិត។

សូមថ្លែងអំណរគុណដល់ក្រុមការងារ ឯកឧត្តម ហុឺ បាវី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច ដែលបានរួមចំណែកឧបត្ថម្ភដល់គ្រួសាររងគ្រោះ នាពេលនេះ ហើយក៍សូមបញ្ជាក់ថា ការដោះស្រាយថ្ងៃនេះចំនួនប៉ុណ្ណេះ គ្រាន់តែជាផ្នែកមួយនៃអន្តរាគមន៍ក្នុងគ្រាលំបាកតែប៉ុណ្ណោះ បន្ទាប់ពីនេះទៅ ត្រូវពឹងពាក់ទៅលើអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជួយសម្រួលការងារផ្សេងៗជូនពួកគាត់ ជាពិសេស គឺពឹងពាក់ទៅលើក្រុមគ្រួសារនីមួយៗ ដើម្បីស្តារឡើងវិញនូវជីវភាពរបស់ខ្លួន នូវអ្វីដែលបានបាត់បង់ហើយ។

សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះផ្គរ រន្ទះ នៅពេលមានភ្លៀង ត្រូវបិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

សម្ភារៈផ្តល់ជូនរួមមាន៖
-រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ៖ អង្ករ ២៥គ.ក កន្ទេល១ តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។

-រងគ្រោះមធ្យម (ប្រភេទ ខ) ៖អង្ករ ២៥គ.ក កន្ទេល១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។

-ចំពោះអ្នកស្លាប់ដោយសាររន្ទះបាញ់ សាខាបានចូលរួមជាសម្ភាៈរួមមាន អង្គរ ៥០ គ.ក មី ២កេស ត្រី ខ ២យួរ ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស និងបច្ច័យចូលបុណ្យចំនួន ៤០០,០០០រៀល។ អនុសាខាស្រុក ចូលរួមបន្ថែមមាន អង្ករ ៥០គ.ក មី ១កេស ទឹកសុទ្ធ ១កេស ទឹកផ្លែឈេី ១កេស និងបច្ច័យ ២០០,០០០រៀល។

ដោយឡែក ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមក្នុង ១គ្រួសារ ទទួលបានចំនួន ៥០,០០០រៀល និងអ្នកស្លាប់ដោយសាររន្ទះបាញ់ បច្ច័យចំនួន ២០០,០០០រៀល។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។