ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួប ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅរកម្ពុជា

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួប ឯកឧត្តម Martin V´avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះការងារនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឆេក កន្លងមក ព្រមទាំងបានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងធ្វើការងារជាមួយគ្នាបន្ថែមទៀតលើការផ្ទេរបច្ចេកវិទ្យាមេកានិចនិងថាមពល ជាពិសេសទទួលបានតម្លៃបន្ថែមលើផលិតផលកសិកម្ម ខណៈដែលកម្ពុជាត្រូវការនាំចេញផលិតផលកសិកម្មជាច្រើនបន្ថែមទៀត ដែលទាមទារឱ្យមានការសម្របសម្រួលនិងជំរុញពាណិជ្ជកម្ម។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ទីផ្សារគឺជាអាទិភាពដែលភាគីទាំងពីរត្រូវពិភាក្សាគ្នា ការផ្ទេរបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនសម្រាប់វិស័យកសិកម្ម គ្រឿងម៉ាស៊ីនមានគុណភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មឱ្យមានគុណភាពរួមទាំងគ្រូបណ្តុះបណ្តាល និងវិស្វករ។ ទាក់ទងនឹងការងារនេះ ឯកឧត្តម បានស្នើភាគីឆេក ធ្វើការបញ្ជូនគ្រូមកកម្ពុជាទាំងផ្នែកបច្ចេកទេស និងភាសាអង់គ្លេស ព្រោះគ្រូម្នាក់អាចជួយបណ្តុះបណ្តាលធនធានមនុស្សបានច្រើននាក់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ លើសពីនេះទៀត ឯកឧត្តម បានស្នើឱ្យមានការជួបពិភាក្សាជាមួយដៃគូអភិវឌ្ឍ ដើម្បីចែករំលែកអំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា។ ក្រសួងកសិកម្មស្វាគមន៍ដៃគូអភិវឌ្ឍនានានៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

សូមជម្រាបថា គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សានិងកិច្ចសហប្រតិបត្តិការជួយកម្ពុជាលើវារីវប្បកម្មទឹកសាបនិងសមុទ្រ(Carpfish) កសិកម្មពិសេសដំណាំកៅស៊ូ និងអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម(ចំការដូង)កម្រិតអនុបណ្ឌិត និងបណ្ឌិតនៅប្រទេសឆេក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។