ព័ត៌មានអន្តរជាតិ

មិនធម្មតា : រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស៖ «ទម្រង់ថ្មីមួយទៀតនៃវីរុសកូវីដ-១៩ ត្រូវបានរកឃើញលើអ្នកដំណើរ មកពីប្រទេសអាហ្វ្រិកខាងត្បូង»

(ឡុងដ៍)៖ ទម្រង់ថ្មីមួយផ្សេងទៀត (ទម្រង់ថ្មីទី២) នៃវីរុសកូរ៉ូណា (COVID-19) ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស ដោយមានជាប់ពាក់ព័ន្ធនឹងអ្នកដំណើរពីរនាក់ មកពីប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមសេចក្តីប្រកាស ពីរដ្ឋមន្ត្រីសុខាភិបាល ចក្រភពអង់គ្លេស ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើនេះ ក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូង កាលពីសប្ដាហ៍មុនបានប្រកាសថា ការផ្លាស់ប្ដូរហ្សែនថ្មីមួយនៃវីរុសកូរ៉ូណា (COVID-19) ត្រូវបានរកឃើញ ហើយទម្រង់ថ្មីនៃវីរុសនេះ ប្រហែលជាមូលហេតុចម្បង នៃការកើនឡើងយ៉ាងគំហុកនូវករណីឆ្លង COVID-19 នៅក្នុងប្រទេសរបស់ខ្លួន។ បើតាមរដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) ករណីឆ្លងទាំងពីរខាងលើ ទំនងជាមានជាប់ពាក់ព័ន្ធនឹងទម្រង់ថ្មី នៃវីរុសក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

លោក Hancock បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន ដ៏ខ្លីមួយយ៉ាងដូច្នេះថា «ដោយសារតែសមត្ថភាពកំណត់ហ្សែន របស់អាហ្វ្រិកខាងត្បូង យើងបានរកឃើញទម្រង់ថ្មីមួយផ្សេងទៀត នៃវីរុសកូរ៉ូណា នៅក្នុងចក្រភពអង់គ្លេស ហើយពីរករណីឆ្លងនេះគឺជាអ្នកដំណើរ ០២នាក់ ដែលទើបតែធ្វើដំណើរពីអាហ្វ្រិកខាងត្បូង មកដល់ចក្រភពអង់គ្លេស កាលពីប៉ុន្មានសប្ដាហ៍មុននេះ»។

គួរបញ្ជាក់ថា បច្ចុប្បន្នអង់គ្លេស កំពុងប្រឹងប្រែងគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 ទម្រង់ថ្មី (ទម្រង់ថ្មីទី១) ដែលត្រូវបានគេជឿជាក់ថា មានសមត្ថភាពចម្លងជំងឺ ៧០ភាគរយលើស COVID-19 បច្ចុប្បន្ន។ ទោះជាបែបនេះក្តី មកទល់នឹងពេលនេះ COVID-19 ទម្រង់ថ្មីចុងក្រោយបំផុតទាំង ២ មិនទាន់ត្រូវបានគេកំណត់ថា តើវាមានភាពកាចសាហាវដ៏កម្រិតណា ឬអាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងបានដែរ ឬក៏យ៉ាងណានោះទេ។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ WHO ការផ្លាស់ប្ដូរទម្រង់នៃវីរុសកូរ៉ូណា នោះមិនមែនជារឿងចម្លែកទេ ព្រោះក្នុងរយៈពេលកន្លងមកនេះ វីរុសកូរ៉ូណាក៏បានផ្លាស់ប្ដូរទម្រង់ ជាច្រើនដងមកហើយដែរ តែគ្រាន់តែថានៅពេលនេះ វាមានសមត្ថភាពចម្លងជំងឺ រហ័សជាងរាល់ដងតែប៉ុណ្ណោះ។ ដោយសារតែបែបនេះហើយ ទើបប្រទេសកាន់តែច្រើនឡើងៗ ចាប់ផ្តើមផ្អាកការធ្វើដំណើរទៅមក ជាមួយចក្រភពអង់គ្លេស៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។