ព័ត៌មានជាតិ

បុរសម្នាក់ យកកាំបិតកាប់ប្រពន្ធឱ្យរងរបួសធ្ងន់ហើយ យកប្រពន្ធដាក់លើផ្ទះ ចាក់គន្លិះពីក្នុងរួចដេកទល់ភ្លឺ ចុងក្រោយ​ប្រពន្ធ​ប្ដឹង​សមត្ថកិច្ច​ចាប់វាយខ្នោះ​!

(បាត់ដំបង) ៖ បុរសម្នាក់​ បានធ្វេី​សកម្មភាព​ប្រើកាំបិតកាប់ប្រពន្ធឱ្យរងរបួសធ្ងន់ហើយ យកប្រពន្ធដាក់លើផ្ទះ ចាក់គន្លឹះពីក្នុងរួចដេកទល់ភ្លឺ ចុងក្រោយ​ប្រពន្ធ​ទ្រាំមិនបានក៏ប្ដឹង​សមត្ថកិច្ច​ឱ្យចាប់ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាម​ការបញ្ជាក់​ពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ទី១២​ ខែមេសា​ ឆ្នាំ​២០២៣។

ករណី​ហិង្សា​ខាង​លើ​នេះ​ បានកេីតឡេីង​កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១និង៣០នាទីរំលងអធ្រាត ត្រង់ចំណុចក្រុមទី០៤ ស្ថិតនៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា​ ករណីបទហិង្សាក្នុងគ្រួសារដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតកាប់) មួយកើតឡើងបង្កដោយជនសង្ស័យជាប្តីឈ្មោះ ឃីង សុខែម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតចុងស្រួចប្រវែង៤១សម ទំហំ៥,៥១សម កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ រ៉ាប់ សុបិន អាយុ២៧ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសត្រង់ក្បាល (ធ្ងន់)។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យជាប្តីបានយកប្រពន្ធដាក់លើផ្ទះ ហើយចាក់គន្លិះពីក្នុងរួចដេកទល់ភ្លឺដោយមិនបានយកប្រពន្ធទៅពេទ្យទេ។ បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកបវេល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋានស្រុកបវេល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹងនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាបនិងឃាត់ ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឃីង សុខែម រួមនិងវត្ថុតាងដូចជា កាំបិតចំនួន ០១។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បច្ចុប្បន្ន​ ជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។