ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំ ត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

(កំពង់ចាម) ៖នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីកីឡា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឆ្លងកាត់ខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេច បង្កើតក្រុមការងារថ្នាក់ខេត្ត សម្រាប់ទទួលបដិសណ្ឋារកិច្ច ការដង្ហែរភ្លើងគប់ចេញពីខេត្តស្ទឹងត្រែង,ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ មកកាន់ខេត្តកំពង់ចាម តាមផ្លូវជាតិលេខ ៦,៧ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលត្រឡប់មកពីបណ្តាប្រទេសអាស៊ាន ក្បួនដង្ហែរភ្លើងគប់តាមផ្លូវជាតិលេខ៧ កាត់តាមក្រុងកំពង់ចាម,ស្រុកកំពង់សៀម, ព្រៃឈរ, ជើងព្រៃ និងស្រុកបាធាយ និងពិធីដង្ហែរភ្លើងគប់ជុំវិញបឹងទន្លេសាប មកដល់ខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖០០ នាទី ដោយឆ្លងកាត់ ស្រុកជើងព្រៃ និងស្រុកបាធាយ ។

ចំពោះស្រុកទាំង២ នេះ មានតួនាទី ភារកិច្ច រៀបចំសោភ័ណភាពតាមដងផ្លូវជាតិលេខ៦,៧ ឱ្យស្អាត ណែនាំឱ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវជាតិលេខ៦,៧ ចងទង់ជាតិ និងសំអាតលំនៅដ្ឋានឱ្យបានស្អាតគ្រប់ៗផ្ទះ, រៀបចំរថយន្តសង្គ្រោះបន្ទាន់ត្រៀមសង្គ្រោះនៅពេលមានឧប្បទ្ទវហេតុកើតឡើងជាយថាហេតុណាមួយ និងរថយន្តអគ្គិភ័យអមដំណើរតាមពីក្រោយក្បួនដង្ហែរភ្លើងគប់ និង រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍តាមដងផ្លូវពេលក្បួនដង្ហែរភ្លើងគប់មកដល់ និង អញ្ជើញព្រះសង្ឃ ប្រជាពលរដ្ឋសិស្សានុសិស្ស យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ និងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមឈរអមក្បួនដង្ហែរភ្លើងគប់ និងមានកាន់ទង់ជាតិ និងទង់អាស៊ាន ឱ្យបានច្រើនកុះករ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។