ព័ត៌មានជាតិ

ជនអនាមិក Hack Facebook របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យកទៅគ្រប់គ្រង

(ភ្នំពេញ) ៖ បើយោងតាម នាយកខុទ្ទកាល័យសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រាប់សារព័ត៌មាន ឲ្យដឹងថា, «Facebook Page ផ្លូវការរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជនអនាមិក (Hack) លួចយកទៅគ្រប់គ្រង តែក្រុមការងារជំនាញកំពុងធ្វើការតាមបច្ចេកទេស ដើម្បីយកមកគ្រប់គ្រងវិញ»។

លោកបានបន្ដទៀតថា ចាប់ពីពេលនេះរាល់ការបង្ហោះសារផ្សេងៗ គឺជាសាររបស់ជនអនាមិក មិនមែនជាក្រុមការងារ ឬអ្នកគ្រប់គ្រងផេកនោះទេ។ លោកក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ ជួយស្រាវជ្រាវដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីនេះផងដែរ។

គួរជម្រាបថា បន្ទាប់ពីលួចយកទៅគ្រប់គ្រងហើយនោះ ចោរបច្ចេកវិទ្យា បានធ្វើការផ្លាស់ប្ដូរឈ្មោះផេករបស់សម្ដេចកិត្តិសង្គហ ម៉ែន សំអន ផងដែរ ដោយផេកដើមឈ្មោះ «MEN SAM AN CAMBODIAN DEPUTY PRIMINISTER» ត្រូវបានប្ដូរទៅជា «MEN SAM»។

សូមបញ្ជាក់ថា, Facebook ផ្លូវការរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។

មួយរយៈនេះ ឃើញថា ជនអនាមិក Hack Facebook ជាច្រើនទៅលើអ្នករកស៊ី ថ្នាក់ដឹកនាំ អ្នកមានមុខ មានមាត់ក្នុងសង្គម និងលួចបង្កើត facebook ក្លែងក្លាយ ដើម្បីបន្លំ ធ្វើជាសេវាអាជីវកម្មកម្ចីប្រាក់ តាមអនឡាញ សុទ្ធតែជាអំពើទុច្ចរិត។ ដូច្នេះសូមខាងអង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បង្កើនការតាមដានក្នុងករណីនេះដើម្បីជួយដល់ប្រជាពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។