ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ៖ «លោកគ្រូ អ្នកគ្រូ ជាអ្នកកសាងធនធានមនុស្ស និងជាអ្នកឆ្លាក់ដួងព្រលឹងជាតិ»

(ព្រះសីហានុ) ៖ «លោកគ្រូ អ្នកគ្រូ ជាអ្នកកសាងធនធានមនុស្ស និងជាអ្នកឆ្លាក់ដួងព្រលឹងជាតិ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងគរុសិស្សទូទាំងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២២ ខែមេសា ឆ្នាំ២០២៣។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងគរុសិស្សទូទាំងខេត្តព្រះសីហនុ ជិត១ពាន់នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណ និងសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សារជាថ្មីម្តងទៀត។ ឯកឧត្តមបានលើកឡើងថា លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទីពីរ ក្រៅពីផ្តល់ចំណេះដឹងដល់សិស្សហើយ លោកគ្រូ អ្នកគ្រូក៏ជាអ្នកលើកទឹកចិត្ត ទូន្មានអប់រំពីសីលធម៌ សុវជីវធម៌ គុណធម៌ និងតម្រង់ទិស ដើម្បីឱ្យសិស្សក្លាយជាកោសិកាល្អមួយក្នុងសង្គមជាតិ។ ឯកឧត្តមពិតជាមានមោទនភាពចំពោះការលះបង់ កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្ហាត់បង្រៀន បណ្តុះបណ្តាលនូវធនធានមនុស្សបន្តវេនពោរពេញដោយសមត្ថភាព ដើម្បីបន្តបេសកកម្មកសាងអភិវឌ្ឍន៍ប្រទេសបន្តទៅមុខទៀត ក្រោមម្លប់នៃសុខសន្តិភាព។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យសាលារៀនមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ឲ្យឆ្លើយតបនឹងតម្រូវការបំណិនទសវត្សរ៍ទី២១ បន្ថែមលើការសិក្សាចំណេះទូទៅ ដូចជាការ ដាំដំណាំ ដាំដើមឈើ ដាំឈើហូបផ្លែ ចិញ្ចឹមត្រី កង្កែប ឬជំនាញជួសជុលរថយន្ត ម៉ូតូ ជាដើម។ លើសពីនេះ ឯកឧត្តមបានឱ្យដឹងទៀតថា លោកគ្រូ អ្នកគ្រូនឹងត្រូវបានលើកទឹកចិត្តឱ្យមានការពង្រឹងសមត្ថភាពបន្ថែមលើជំនាញ ដោយរៀបចំឱ្យមានអ្នកជំនាញមកចូលរួមបណ្តុះបណ្តាល។ដោយឡែក សាលារៀននឹងមានការបំពាក់ប្រព័ន្ធអ៊ីនធើណិត ដែលជួយពង្រឹងការសិក្សា ស្រាវជ្រាវ លើបំណិននៃការជឿនលឿននៃបច្ចេកវិទ្យាថ្មីនៅលើពិភពលោក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។