ព័ត៌មានជាតិ

ឯកឧត្តម​ តូច ប៊ុនហួរ អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលើពូជដង្កូវនាងប្រភេទថ្មី

(ភ្នំពេញ) ៖ ឯកឧត្តម​ តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណ:កម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណកម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាង នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាវាយតម្លៃលើប្រភេទពូជដង្កូវនាង ដែលបង្កាត់ថ្មីដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមជ្ឍមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ហៅថា កូពារ (KOPIA)។ ពូជដង្កូវនាងនេះ ដែលត្រូវបានស្នើសុំដាក់ឈ្មោះថា «CK174» ត្រូវបានគណ:កម្មាធិការបញ្ចេញពូជដង្កូវនាងស្នើដាក់ឈ្មោះថា «នាងសូត្រស» ដោយហេតុថា ពូជដង្កូវនាងនេះ មានសសៃសូត្រពណ៌ស ផ្តល់ទិន្នផលសូត្រខ្ពស់ជាងពូជក្នុងស្រុក មានលក្ខណៈសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថាននៅប្រទេសកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ ពូជដង្កូវនាងដែលទើបបង្កាត់ថ្មីនេះ មានគុណភាពល្អ ស្របទៅនឹងតម្រូវការទីផ្សារ ធន់នឹងការប្រែប្រួលអាកាសធាតុនិងសមាសភាពចង្រៃ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ផ្សព្វផ្សាយជូនដល់កសិករ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ។

គណ:កម្មាធិការបានឯកភាពស្នើសុំឯកឧត្តមរដ្ឋមន្ត្រីពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់បញ្ចេញពូជដង្កូវនាងជាផ្លូវការ។

តាងនាមឲ្យគណ:កម្មាធិការបញ្ចេញពូជដង្កូវនាង ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមក្នុងដំណើរការពិសោធន៍ ស្រាវជ្រាវ និងផ្តល់យោបល់ ធ្វើឱ្យការសិក្សាស្រាវជ្រាវពូជដង្កូវនាងទទួលបានលទ្ធផល ល្អស្របតាមគោលដៅដែលបានគ្រោងទុក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។