ព័ត៌មានជាតិ

បុរស​៤​នាក់​ធ្វើ​សកម្មភាព​ឆក់ទូរសព្ទ័ពីនារី​ម្នាក់​បាន​សម្រេច ចុងក្រោយ ត្រូវសមត្ថកិច្ចក្របួច​បាន​ចំនួន​២​នាក់.!

(​ភ្នំពេញ) ៖ ជនសង្ស័យ​មួយ​ក្រុម ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ Iphone7 ពី​នារី​ម្នាក់​ដែល​កំពុង​ដើរ​តាម​ផ្លូវ​បាន​សម្រេច ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ និង​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ក្បែរ​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២ តាម​បណ្តោយ​ផ្លូវ​២៣៣ កែង​និង​ផ្លូវ​១៣៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ​២៣៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ស្រប​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គុ​ប​ភី មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GU-0779 បាន​ជិះ​បណ្តើរគ្នា​តាម​ពីក្រោយ​ជន​រង​គ្រោះ​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​ហុងដា​ស្គុ​ប​ភី ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Iphone7 ពី​ដៃ​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ក្រុម​ជនសង្ស័យ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​។ តែ​ពេល​នោះ ក៏​មាន​កម្លាំង​សមត្ថកិច្ច​នៅ​ក្បែរ​នោះ ឃើញ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច​ស្តុ​ប​ដេ​អិន សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ចំណែកឯ​បក្សពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​ស្គុ​ប​ភី បាន​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

បន្ទាប់​មក សមត្ថកិច្ច​ក៏​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​កាន់​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២​ដើម្បី​ធ្វើការ​សាកសួរ​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​គឺជា​បក្សពួក​របស់​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​នោះ ដោយ​ពួក​គេ​ទាំង​២​នាក់​ជា​អ្នក​បិទ​គូទ​»​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។