ព័ត៌មានជាតិ

គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានទទួលថវិកាពីក្រុមហ៊ុន មេនថក(ខេមបូឌា)ខប លីមីធីត ដើម្បីជួយដល់ប្រជាពលរដ្ធរងគ្រោះមហន្តរាយក្នុងខេត្ត

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអនុញ្ញាតឲ្យលោក តូ ម៉ាស (TOMAS) អគ្គនាយកក្រុមហ៊ុន មេនថេក(ខេមបូឌា) ខប លីមីធីត ដែលមានទីតាំងនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជួបសម្តែងការគួរសម និងនាំយកថវិកាចំនួន ៥.០០០ដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះដោយគ្រោះមហន្តរាយក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។ ក្នុងជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត។

ឆ្លៀតឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការរួមចំណែកដ៏សំខាន់របស់ក្រុមហ៊ុន មេនថេក(ខេមបូឌា) ខប លីមីធីត ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយនានាដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងខេត្តកំពង់ចាម។

ទាំងនេះជាកាយវិកាមនុស្សធម៌របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានចែករំលែកធនធាន ក្នុងការចូលរួមជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា និងជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងគ្រាលំបាក ពេលមានអាសន្នកើតឡើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។