ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានទទួលជួបលោកស្រីKAMEl Harukoប្រធានថ្មីរបស់អង្គការJlCAប្រចាំកម្ពុជា និងសហការីដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ) ÷នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃចន្ទ ១៤កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko ប្រធានថ្មីរបស់អង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:លោកស្រី បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរមានជាអាទិ៍៖ ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែនៅខេត្តកណ្តាល ការជួយបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីកសិកម្មសម្រាប់រយ:ពេលវែង និងខ្លីមានចំនួន ២៩០នាក់ គម្រោងធំៗចំនួន១០ ដែលបានជួយដល់ក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា រាល់គម្រោង ឬកម្មវិធីដែលឧបត្ថម្ភដោយ JICA បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព បង្កើនបរិមាណផលិត ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើទៅភាគីជប៉ុនមេត្តាជួយពិនិត្យ ពិចារណាលើគម្រោងដែលទាក់ទងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

នាឱកាសនេះ ក្នុងនាមឲ្យអង្គការ JICA លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងពិភាក្សាការងារដែលត្រូវអនុវត្តបន្ត និងគម្រោងថ្មីៗបន្តបន្ទាប់ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ មួយវិញទៀត ដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀង ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងនិរន្តរភាព ការបង្កើនផលិតភាពផលិតកម្មកសិកម្មតាមរយ:វិស័យឯកជន សហគមន៍កសិកម្ម និងដៃគូអភិវឌ្ឍ។ល។ នាឱកាសនេះផងដែរ លោកស្រីក៏បានណែនាំមន្ត្រីជំនាញរបស់អង្គការ JICA ដែលនឹងមកបម្រើការទាក់ទងវិស័យកសិកម្មកម្ពុជា។ ទាក់ទងនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកស្រីថានឹងយកសំណើនេះទៅពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន ហើយសង្ឃឹមថានឹងជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីនៅពេលអនាគត។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនក្រុមការងារ JICA ដែលបានខិតខំបំពេញការងារទទួលបានជោគជ័យ ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបជូនថា ថ្មីៗនេះក្រសួងបានស្នើទៅឯកអគ្គរាជទូត តាមរយ:អង្គការ JICA នូវគម្រោងចំនួន១៩ ទៀត ដើម្បីពិនិត្យលទ្ធភាពជួយអភិវឌ្ឍលើអនុវិស័យផ្សេងៗទៀត ហើយភាគីទាំងពីរថានឹងជួបពិភាក្សាគ្នាលម្អិតនាពេលដ៏ខ្លីខាងមុខ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។