ព័ត៌មានជាតិ

ក្មួយ​ប្រុសនាំ​បក្សពួក ​​គាស់​ផ្ទះ​មីង​ជាមន្ត្រីនគរបាល លួច​គ្រឿង​អ​ល័​ង្កា​រ​និង​ប្រាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន.!

(បាត់ដំបង) ​៖ បុរស​០២​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ ១១ ឧសភា ក្រោយ​​ពី​ជាប់​សង្ស័យ​ថា ជន​ទាំង​០២​នាក់​បាន​ធ្វើ​សកម្មភាពគាស់​ផ្ទះ​មន្ត្រី​នគរបាល​ម្នាក់ ចូល​លួច​យក​គ្រឿង​អ​ល័​ង្ការ និងលុយកាក់​អស់​គ្មាន​សល់ កាលពី​ជាង​១០​ថ្ងៃមុន នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខណៈ​ម្ចាស់​មិន​បាន​ស្នាក់​នៅ​។

អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ វ៉ា​ន់ សំណាង អាយុ​២២​ឆ្នាំ (​ក្មួយ​ម្ចាស់ផ្ទះ​) និង ម្នាក់​ទៀត​ឈ្មោះ សែន សុ​ផុ​ន អាយុ​៣៣​ឆ្នាំ ពួក​គេ​រស់​នៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ​នេះ រីឯ​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ញឹក សុជាតា ស្រី​អាយុ​២៨​ឆ្នាំ មាន​មុខរ​បរជា​មន្ត្រី​នគរបាលនៅ​អធិការ​ស្រុក​សំពៅ​លូន​។

សូម​បញ្ជាក់​ថា បើ​តាម​របាយ​ការ​ណ៍សមត្ថកិច្ច ករណី​គាស់​ទម្លុះទម្លាយ​លំនៅ​ឋានខាង​លើ​នេះ បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី២៨ មេ​សា នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ផ្ទះ​ឈ្មោះ ញឹក សុជាតា ស្រី​អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​នគរបាល​ ។ អំពើ​ចោរកម្ម​នេះ បាន​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព នៅ​ពេល​ម្ចាស់ផ្ទះ​បិទទ្វារ​ចាក់​សោ​ទុក​ចោល រួច​ចេញ​ទៅ​បាត់ដំបង រហូត​ត្រឡប់​មក​ពី​បាត់ដំបង​វិញ ទើបបាន​ដឹង​ថា មាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​គ្មា​ន​សល់​។

បើ​តាម​លោកអធិការ​ស្រុក​សំពៅ​លូនបាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​០២​នាក់ ដែល​មាន​ម្នាក់​ឈ្មោះ វ៉ា​ន់ សំណាង ត្រូវជា​ក្មួយ​ម្ចាស់ផ្ទះ​ផង បាន​នាំ​គ្នា​ទៅ​គាស់​ជញ្ជាំង​ផ្ទះ​ជន​រង​គ្រោះ រួច​ចូល​លួច​អស់​គ្មាន​សល់​​គ្រឿង​អ​លង្ការ​ និងប្រាក់​មួយ​ចំនួន​ផង នៅ​ពេល​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅ​បាត់ដំបង​។ លោក​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​បានដឹង​រឿង​នេះ​ នៅ​ពេល​ត្រឡប់​មក​ពី​បាត់ដំបង​វិញ ហើយ​ក៏​ប្ដឹង​ទៅ​សមត្ថ​កិ​ច្ចជួយ​អន្តរា​គម​ន៍ រហូត​ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​នៅផ្ទះ​ក្បែរ​គ្នា​។

បើ​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច ទ្រព្យសម្បត្តិ​ដែល​ជន​រង​គ្រោះ​បាត់បង់​រួម​មាន​៖ ខ្សែ​.ក​ប្លា​ទី​ន​០១​ខ្សែ, ចិញ្ចៀន​ប្លា​ទី​ន​០១​វង់ កងដៃ​ប្លា​ទី​ន​០៧​វង់ និងប្រាក់​ថៃ​ចំនួន​២​ម៉ឺន​បាត ​។ គ្រឿង​អ​ល័​ង្ការ និង ប្រាក់​ទាំងនេះ​ ត្រូវ​ជន​រង​គ្រោះ​ទុក​នៅ​ក្នុង​កាបូប​។ ប៉ុន្តែ​ក្រោយ​ត្រូវ​ចាប់ខ្លួន វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​មាន​៖ ខ្សែ​ក​ប្លា​ទី​ន​ព​ណ៌.សមាន​ដាំ​ត្បូង​០១​ខ្សែ និងចិញ្ចៀន​ប្លា​ទី​ន​មាន​ដាំ​ត្បូង​០១​វង់​។ ជន​ដៃដល់​បាន​គាស់​ជញ្ជាំង​ផ្ទះ​ខាងក្រោយ​ចូល​លួច​គ្រឿង​ទ្រព្យសម្បត្តិ ពេល​ម្ចាស់ផ្ទះ​ចាកចេញ​ផុត​។

ទោះ​យ៉ាងណា បើ​តាម​លោក ទឹម វិ​ឆ័​យ បាន​ប្រាប់​ថា ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​គ្រឿង​អ​ល័​ង្កា​រ និង ប្រាក់​ចំនួន​២​ម៉ឺន​បាត​របស់​ជន​រង​គ្រោះ​មែន​។ ពេល​នេះ ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សួរនាំ និងចាត់ការ​តាម​នីតិវិធី​ហើយ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។