ព័ត៌មានជាតិ

ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និង​រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ

(កំពង់ធំ) ៖រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និង រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៣ ដែលមានទីតាំងនៅសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និង ពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្ត ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល និងប្រតិភូមអមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្តសៀមរាប និង ខេត្តកំពង់ធំ អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ភ្ញៀវជាតិ អន្តរជាតិ អង្គការដៃគូរ សិស្សានុសិស្ស យុវជនកាយរឹទ្ធកម្ពុជា យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងកម្មករ ប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ចូលរួម ។

ក្នុងកិច្ចស្វាគមន៍​ និងសេចក្តីរាយការណ៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាបខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ ខេត្តកំពង់ធំ ថានៅឆ្នាំ១៩៩៦ រដ្ឋាភិបាលជប៉ុនបានផ្តល់ហរិញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់១៥លានដុល្លា សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងសៀមរាប ដែលមានសមត្ថភាពផលិតទឹកស្អាត៨ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាមួយនឹងបណ្តាញចែកចាយ ប្រវែង៣២គីឡូម៉ែត្រ ។ ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាបន្តបន្ទាប់ រដ្ឋាករទឹកស្វយ័តសៀមរាបទទួលបានគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន(ហៅកាត់ថា(JICA)សម្រាប់ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសំដៅដោះស្រាយបញ្ហាកង្វះទឹកស្អាតក្នុងក្រុងសៀមរាប ក្នុងទំហំទឹកប្រាក់សរុប ៧ពាន់១៦១លានយ៉េន ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ៦០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ។ នៅក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយលើវិស័យទឹកស្អាត គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥។ ខណៈបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ដែលគិតត្រឹមឆ្នាំ ២០២២ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណ ១,២លានគ្រួសារ គឺកើនឡើង ៥៣,៨% ធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណតែ ៧៨ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៤០០ លានម៉ែត្រគូប ដែលកាលពីឆ្នាំ២០១៨ មានប្រមាណតែ ៣០៩លានម៉ែត្រគូប។

មានប្រសាសន៍នោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់កម្ចីសម្បទាពតាមរយៈទីភ្នាក់ងារសហរតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ហៅថាICA) សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប និង ការផ្ដល់ជំនួយហិរញ្ញប្បទានេះ ឥតសំណងតាមរយៈក្រសួងការបរទេសជប៉ុន សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គងទឹកស្អាតខេត្តកំពង់ធំ។ សម្តេច បានបញ្ជាក់ថា ការសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីទាំងពីរកន្លែងនៅថ្ងៃនេះ ក៏ជានិមិត្តរូបមួយនៃ ភាពរីកចម្រើន នៃចំណងទាក់ទង រវាងកម្ពុជា ជប៉ុន ដែលជាឆ្នាំគម្រប់ ៧០ឆ្នាំ (១៩៥៣.២០២៣ ) ។ រាជរដ្ឋាភិបាលនៅតែបន្តជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ ផលិតភាព, ការលើកស្ទួយផលិតកម្ម ដើម្បីនាំប្រទេសរបស់យើង ឈានឡើងទៅកាន់កម្ពស់ថ្មីមួយទៀតក្នុងខ្សែ ចង្វាក់នៃតម្លៃបន្ថែមក្នុងតំបន់ និងសកលលោក ជាពិសេស ដើម្បីចេញផុតពីប្រទេសមានចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខ ។

តាមការព្យាករណ៍ នៅឆ្នាំ២០៣០ ចំនួនប្រជាពលរដ្ឋកម្ពុជាអាចនឹងកើនដល់ ១៩លាននាក់ និងឈានដល់ចំនួន ២២លាននាក់ នៅឆ្នាំ២០៥០, ពេលនោះ ប្ជាជនភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន ។ សម្តេចក៏បានបញ្ជាក់ថា ជាការពិតណាស់ ការផ្គត់ផ្គង់ទឹកស្អាតជាសមត្ថកិច្ចគ្រប់គ្រង និងការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែទទួច និងស្នើឲ្យមានការលើកទឹកចិត្តការចូលរួមវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាតពីផ្នែកឯកជនទាំងក្នុងនិងក្រៅប្រទេស ដែលជាការជួយបំពេញបន្ថែមដល់ផ្នែកសាធារណៈ ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដល់គ្រប់ទីប្រជុំជន រួមទាំងតំបន់ជនបទនានា បន្ថែមលើការចូលរួមការផ្ដល់ទឹកស្អាតពី ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។ សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានជួយគាំទ្រដល់ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាបន្តបន្ទាប់ នៅកម្ពុជា ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។