ព័ត៌មានជាតិ

គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២០

(សៀមរាប) ÷នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ សរុប ៤៨នាក់ ស្រី ៣១នាក់។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ដោយកិច្ចប្រជុំបានធ្វើការពិនិត្យ និងពិភាក្សា ដោយទទួលបានលទ្ធបានដូចខាងក្រោម ៖
១. ពិនិត្យលើសេចក្តីព្រាងកំណត់ហេតុ បញ្ហាប្រឈម និងទិសដៅ ដែលបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំខែវិច្ឆិកា រួមមាន៖
២.ពិនិត្យលើរបាយការណ៍ប្រចាំខែខែធ្ន និងប្រចាំឆ្នាំ២០២០ នៃសកម្មភាពរបស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្រុមការងារបច្ចេកទេសទាំង៦ សមាជិកក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ ។
៣. ពិនិត្យ និងពិភាក្សាលើប្រតិទិនកិច្ចប្រជុំរបស់លេខាធិការដ្ឋាន គ.ខ.ប.ជ ប្រចាំឆ្នាំ២០២១
៤. ពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆ្នាំ២០២១
៥. ពិនិត្យ និងពិភាក្សាលើការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១។

បន្ថែមពីនោះបន្ទាប់ពីការលើកឡើងអំពីបញ្ហាប្រឈម និងការពិភាក្សារកដំណោះស្រាយ នៅក្នុងអង្គប្រជុំ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត រួមមាន៖
១. ស្នើឱ្យរដ្ឋបាលក្រុង ស្រុក ពង្រឹងលើការងារគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស ពិសេសប្រទេសថៃ ក្នុងការឱ្យធ្វើចត្តាឡីស័ក តាមគោលការក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍។
២. ស្នើឱ្យរដ្ឋបាលក្រុង ស្រុក រៀបចំកិច្ចប្រជុំ ដាច់ដោយឡែកពីគណៈបញ្ជាការឯកភាព និងគណៈកម្មាធិការ ផ្សេងៗ ឱ្យបានគ្រប់ក្រុង ស្រុក និងឃុំ សង្កាត់ នៅក្នុងឆ្នាំ២០២១។
៣. ស្នើឱ្យរដ្ឋបាលក្រុង ស្រុក សហការជាមួយការិយាល័យអប់រំ ពិនិត្យលើការរៀបចំឱ្យមានបន្ទប់ប្រឹក្សាយោបល់ដល់កេ្មងស្រី នៅតាមសាលារៀននីមួយៗ។
៤. ស្នើឱ្យរដ្ឋបាលក្រុង ស្រុក បញ្ជូនផែនការសកម្មភាព និងប្រតិទិននៃកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ ក្រុង ស្រុក និងឃុំ សង្កាត់ មកក្រុមការងារលេខាធិការដ្ឋាន។
៥. ស្នើឱ្យក្រុមការងារលេខាធិការដ្ឋាន ពិនិត្យ និងជំរុញដល់មេធាវីរបស់អង្គការ IJM អនុវត្តតាមសាលក្រមរបស់តុលាការដែលបានប្រកាសសាលក្រមរួចហើយ ករណីរបស់ពលករ នៅស្រុកជីក្រែង ដែលបានប្រកាសផ្តល់សំណង់ទៅជនរងគ្រោះ ចំនួន ៥០លានរៀល និងពលករពីរនាក់ផ្សេងទៀត។
៦. ស្នើឱ្យមន្ទីរសង្គមកិច្ច ពង្រឹងទៅលើការផ្តល់សេវាស្នាក់នៅ និងការស្តាតរនីតិសម្បទា ដល់ជនរងគ្រោះគ្រប់ប្រភេទ ឱ្យបានសមស្រប ដោយមានការគ្រប់គ្រងទិន្នន័យជនរងគ្រោះ និងមណ្ឌលស្នាក់នៅរបស់រដ្ឋ និងអង្គការដៃគូ។
៧. ស្នើឱ្យរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាព និងអង្គការដៃគូ ធ្វើការផ្សព្វផ្សាយអំពីតម្រូវការ កម្លាំងពលកម្ម ការងារក្នុងស្រុក ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលករ ដែលបានត្រឡប់មកពីក្រៅប្រទេស អំពីឱកាសការងារ តាមរយៈមជ្ឈមណ្ឌលការងារខេត្តសៀមរាប។
៨. ស្នើឱ្យក្រុមការងារលេខាធិការដ្ឋាន រៀបចំវគ្គបណ្តុះបណ្តាលស្តីពី យុត្តិធម៌អនីតិជន ដោយមានការបញ្ជូលគ្នាទាំងមន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធហត្ថ។
៩. ស្នើឱ្យក្រុមការងារលេខាធិការដ្ឋាន ពិនិត្យ និងកែសម្រួលលើផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដោយត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ជាមួយមន្ទីរ អង្គភាព និងអង្គការដៃគូ និងរៀបចំកិច្ចប្រជុំពិនិត្យសម្រេច និងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២១។
១០. ក្រុមការងារលេខាធិការដ្ឋានរៀបចំ ឯកសារ ដោយត្រូវចង់ក្រងនូវរូបថតសកម្មភាព និងផលិតខ្សែវីដេអូស្តីពីលទ្ធផលការងារឆ្នាំ២០២០ ដើម្បីធ្វើការបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។