ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម បានអញ្ជើញពិធីប្រគល់ទូកនិងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ

(ក្រចេះ) ៖ នៅព្រឹកថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងថ្នាក់ដឹកនាំ បានចូលរួមពិធីប្រគល់ទូកនិងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ​។

ក្នុងពិធីប្រគល់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសេរចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបាត់បង់ និងសូមបន្តការងារនេះឱ្យមានប្រសិទ្ធភាពនិងរឹងមាំ ដោយត្រូវគិតគូរក្នុងការអភិរក្សរតនសម្បត្តិឱ្យបានល្អ។

ទាក់ទងនឹងការងារនេះ ត្រូវធ្វើមានសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ។ ក្នុងស្មារតីនេះដែរ ត្រូវពិនិត្យលទ្ធភាពរៀបចំឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោត និងអ្នកដែលស្រលាញ់ផ្សោត។ លើសពីនេះទៀត គឺការបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។

ជាកិច្ចបន្តមកទៀត ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ទូកនិងសម្ភារល្បាតដល់ឆ្មាំការពារ ដែលមានដូចជាទូកម៉ាស៊ីនចំនួន ៦គ្រឿង អាវពោងចំនួន ៤៤អាវ សឺម៉ែលចំនួន ២៤គ្រឿង និងថវិកាឧបត្ថម្ភពីអភិបាលខេត្តក្រចេះ ៥,៥លានរៀលសម្រាប់បុស្តិ៍ឆ្មាំទាំង១១ ហើយមន្ទីរកសិកម្មក៏បានចូលរួមឧបត្ថម្ភសារ៉ុងដល់អ្នកចូលរួមផងដែរដោយម្នាក់ៗទទួលបានម្នាក់សារ៉ុងចំនួន ១ ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តម វ៉ា ថន អភិបាលខេត្តនិងជាប្រធានគណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ បានចូលរួមដុតបំផ្លាញសម្ភារនេសាទខុសច្បាប់ដែលបង្ក្រាបបាន ដូចជាឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ មងក្រឡាធំ និងឧបករណ៍មួយចំនួនទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។