ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម និងអភិបាលខេត្តរតនគិរី អញ្ជើញទស្សនកិច្ចផលិតកម្មកៅស៊ូក្រុមហ៊ុនស្វីហ្វរ៉ាប់បឺរ សង្កាត់កាចាញ ក្រុងបានលុង

(រតនគិរី) ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញទស្សនកិច្ចផលិតកម្មកៅស៊ូក្រុមហ៊ុនស្វីហ្វរ៉ាប់បឺរ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយ លោកអភិបាលខេត្ត បានចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីចំការកៅស៊ូ និងបានសិក្សាពីផលិតកម្ម ជីវភាព និងធនធានមនុស្ស ព្រមទាំងបានសាកល្បងការចៀរជ័រកៅស៊ូផងដែរ។

បន្ទាប់ពីទស្សនកិច្ចក្នុងចំការកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានចូលទៅពិនិត្យក្នុងរោងចក្រកៅស៊ូ ដើម្បីសិក្សាពីគុណភាពជ័រ និងប្រភេទចំណាត់ថ្នាក់កៅស៊ូ។ ក្នុងការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់រោងចក្រឱ្យយកចិត្តទុកដាក់គិតគូរដល់ការស្តុកទុក និងការដឹកជញ្ជូនឱ្យបានល្អ ធ្វើយ៉ាងណាចំណាយតិច នាំចេញបានច្រើន។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺក្រសួងត្រៀមចាំជួយទាំងបច្ចេកទេស និងការដាំដុះ ព្រមទាំងបានស្នើអភិបាលខេត្ត ជួយសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងចូលរួមជំរុញផលិតកម្មកៅស៊ូឱ្យគ្រប់តាមតម្រូវការរោងចក្រ តាមរយៈការគៀងគរឱ្យពលរដ្ឋលក់កៅស៊ូមករោងចក្រ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីសម្រាប់វិស័យកសិកម្ម ព្រោះមានតម្លៃទាប ដែលនឹងជួយកាត់បន្ថយចំណាយក្នុងផលិតកម្ម បង្កើនចំណូល មានចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។