ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តសៀមរាប

(សៀមរាប) ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយអំពី លិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និង តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានការអញ្ជើញចូលរួមផងដែរមានឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឯកឧត្តម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និង ឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលអញ្ជើញមកពី រដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈអភិបាលក្រុង ស្រុក អធិការដ្ឋាននគរបាល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ពន្ធនាគារខេត្ត មជ្ឈមណ្ឌលអប់រំកែប្រែ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា មន្ទីរសុខាភិបាលខេត្ត និងតំណាងអង្គការក្រៅរដ្ឋាភិបាល អង្គការសិទ្ធមនុស្ស ដែលរួមមានសមាជិកសរុបចំនួន ២១៥នាក់ចូលរួម។

លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តរួចមក ឯកឧត្តម រ៉ូ ប៊ីនណៃ បានបញ្ជាក់ពីគោលបំណង នៃការអប់រំផ្សព្វផ្សាយនេះ នឹងផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម និងតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។ វគ្គនេះត្រូវបានរៀបចំប្រមូលផ្តុំមន្រ្តីទទួលខុសត្រូវ ពិសេសមន្រ្តីគ្រប់គ្រងកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាពនៅតាមបណ្តាខេត្តនីមួយៗដើម្បីបង្ការ ទប់ស្កាត់ និងការប្រឆាំងទារុណកម្ម។

ក្នុងនោះក៏មានធ្វើការបង្ហាញ ពីបទដ្ឋានជាតិ និងអន្តរជាតិ ទាក់ទងនិងការគោរពសិទ្ធិមនុស្ស និង លិខិតបទដ្ឋានជាតិ និងអន្តរជាតិពាក់ព័ន្ធនិងការប្រឆាំងទារុណកម្ម ព្រមទាំងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។ ក្នុងវគ្គ បណ្តុះបណ្តាលផ្សព្វផ្សាយនេះដែរ ក៏មានលើកនូវសំណូមពរមួយចំនួនដល់(គ.ជ.ប.ទ) ក្នុងការបង្កើតឲ្យមានគណៈកម្មាធិការនៅថ្នាក់ខេត្តផងដែរ ។

ឯកឧត្ដម នុត សាអាន បានមានប្រសាសន៍លើកឡើងថា គោលបំណងអប់រំផ្សព្វផ្សាយនេះ នឹងផ្ដល់នូវការយល់ដឹងបន្ថែមទៀតអំពី សិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និង អនុគណៈកម្មាធិការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះដែលត្រូវបានដកហូតសេរីភាព នោះឡើយ។ ផ្ទុយទៅវិញ ការប្រព្រឹត្តបែបនេះគឺ ជាអំពើខុសច្បាប់ និង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ វាជា អំពើអយុត្តិធម៌ ដែលអាចបង្កើតឲ្យមានគំនិត គុំកួនគ្នាមិនចេះចប់មិនចេះហើយ»។ ការអប់រំផ្សព្វផ្សាយនេះ នឹងផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តិមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម នៃតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនិងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។

ឯកឧត្តមក៏បានបញ្ជាក់អំពីលទ្ធផល រំពឹងទុកគ្រប់អាជ្ញាធរ មន្រ្តីពាក់ព័ន្ធនឹងទទួលបានការយល់ដឹងអំពី លិខិតបទដ្ឋានជាតិ និង អន្តរជាតិពាក់ព័ន្ធទៅលើជនដែលត្រូវបានដកហូតសេរីភាព ដើម្បីបង្ការទប់ស្កាត់ និងការប្រឆាំងទារុណកម្ម ព្រមទាំងយល់ដឹងអំពី តួនាទី ភារកិច្ចរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។