ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

(ភ្នំពេញ) ៖នៅព្រឹក ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនៅព្រឹកនេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងកំលុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរ​ម​​រាជានុញ្ញាត ជូនលោក ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កា​គោ​រព​វិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតី​ឥណ្ឌា នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនង​ដ៏យូរអង្វែង​រវាង​ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវចំណងមិត្តភាព​ដ៏​ប្រ​សើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫស​យ៉ាងជ្រៅនៅក្នុងបេតិក​ភណ្ឌ​វប្ប​ធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់​ប្រជា​ជនទាំងពីរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។