ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពបត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពបត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយនិង ក្រុមការងារសិក្សាស្រាវជ្រាវ នៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM)។

ដោយសារទីក្រុងនានានៅក្នុងតំបន់ទន្លេមេគង្គកាន់តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស អត្រាកំណើន ៣-៥%ជារៀងរាល់ឆ្នាំគឺខ្ពស់ជាងមធ្យមភាគពិភពលោក ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនសម្ពាធ ស្របជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុងនានា ធ្វើឱ្យរងផលប៉ះពាល់ទៅដល់ប្រភពទឹកនៅជុំវិញតំបន់ទាំងនោះ។ ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) ត្រូវបានគេទទួលស្គាល់ផងដែរថា
ជាដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធបៃតង ក្នុងការរៀបចំផែនការទីក្រុងដ៏មានប្រសិទ្ធិភាព និងភាពបត់បែន។

គោលបំណងចម្បងរបស់ Nbs នៅក្នុងខេត្តបាត់ដំបង បានជ្រើសរើសបឹងរ៉ាស្ថិតនៅក្នុងតំបនើស្ថានីយរថភ្លើងដែលចាត់ទុកជាតំបន់ដីសើម ក្នុងនោះមានមុខងារជាអាងស្ដុកទឹកសម្រាប់ទឹកជំនន់ក្នុងតំបន់ និងកន្លែងស្ដុកទឹកសង្រ្គោះបន្ទាន់សម្រាប់ទឹកហូរចេញពីស្ទឹងសង្កែ ហើយក៏ចូលរួមក្នុងការកែលំអគុណភាពទឹកដែលបានប្រើប្រាស់នៅតាមផ្ទះ និងជំនន់ទឹកភ្លៀង ដោយប្រើដំណោះស្រាយធម្មជាតិ រួមបញ្ជូលទាំងការបង្កើតឧទ្យានទីក្រុងសម្រាប់ការរស់នៅ ជីវចម្រុះ ទេសចរណ៍ធម្មជាតិ និងសោភ័ណភាព ហើយមិនត្រឹមតែប៉ុណ្ណោះកែប្រែស្ថានីយរថភ្លើងចាស់ទៅជាកន្លែងទេសចរណ៍តាមរយៈការលាយបញ្ចូលគ្នានៃគម្រោងNbsនេះ។

ក្នុងនោះដែរ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានសម្ដែងនូវការសប្បាយរីករាយចំពោះក្រុមការងារដែលចង់សិក្សាអនុវត្តនៃគម្រោងនេះ បើទោះបីជាមិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើការអនុវត្តគម្រោងនេះក៏ដោយ ប៉ុន្តែត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានជាមុនសិន ហើយប្រសិនជាថ្ងៃទៅមុខទៀត យើងមានថវិកាគ្រប់គ្រាន់គឺយើងនឹងធ្វើការអនុវត្តគម្រោងនេះតែម្ដង។ ឯកឧត្តមបានបន្តទៀតថា សម្រាប់គម្រោងនេះផងដែរ ក៏ជាអ្វីដែលរដ្ឋបាលខេត្តក៏កំពុងធ្វើការសិក្សាស្រាវជ្រាវផងដែរ ព្រោះជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលកំពុងត្រូវការ ដោយសារតែបញ្ហាកំណើនយ៉ាងឆាប់រហ័សរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់បន្តទៀតថា ក្រុងបាត់ដំបងជាក្រុងបុរាណ ដូចនេះហើយប្រព័ន្ធលូនៅក្នុងក្រុងបាត់ដំបងក៏មានសភាពចាស់ទ្រុឌទ្រោម គួបផ្សំជាមួយកំណើនដ៏ឆាប់រហ័សរបស់ប្រជាពលរដ្ឋសព្វថ្ងៃបែបនេះ ដោយឡែកដោយមានការសហការជាមួយADB ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនក៏កំពុងតែធ្វើការកសាងប្រព័ន្ធរំដោះទឹកកខ្វក់ទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹងនៅក្នុងក្រុងបាត់ដំបងឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៤ខាងមុខនេះផងដែរ៕ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។