ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោកប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលនយោបាយរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយធានាឱ្យបាននូវសន្តិសុខនិងនិរន្តរភាពស្បៀង និងផ្តោតលើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងជំរុញផលិតផលដែលមានសក្តានុពលមានតម្លៃទីផ្សារល្អសម្រាប់ករនាំចេញដូចជាស្រូវ ស្វាយចន្ទីជាដើម ដើម្បីឱ្យកសិករបង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។

លើសពីនេះទៀត កសិករកម្ពុជាត្រូវការទុនឬកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ត្រូវការធនធានមនុស្សសម្រាប់សហគមន៍កសិកម្ម (AC) ព្រមទាំងការបង្កើតនូវទំនុកចិត្ត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា QR code និងការផ្សព្វផ្សាយពង្រីកទីផ្សារ ដើម្បីឱ្យខ្សែច្រវាក់នៃការផ្គត់ផ្គង់ឱ្យមានភាពប្រសើរឡើងស្របតាមស្តង់ដាគោលនយោបាយនិងទីផ្សារ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងអភិវឌ្ឍវិស័យកសិកម្ម ត្រូវយកចិត្តទុកដាក់គិតគូរលើការកាត់បន្ថយថ្លៃដើម ការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ មានការតាំងចិត្ត មានឆន្ទៈ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។