ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅសិង្ហបុរី

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅសិង្ហបុរី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយរបស់ក្រសួងក្នុងការធានាសន្តិសុខនិងសុវត្ថិភាពស្បៀង និងធ្វើឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដដល់ប្រជាកសិករ និងប្រជាជនកម្ពុជាទាំងអស់។

បន្ថែមលើនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងរៀបចំសហគមន៍កសិកម្មដែលធ្វើការរួមគ្នាជាខ្សែទទឹងនិងខ្សែបណ្ដោយ ដោយមានបច្ចេកទេសដាំដុះប្រកបដោយប្រសិទ្ធភាពនិងមានគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារ និងទទួលបានប្រាក់ចំណេញច្រើនជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកស្រី Dina Umali Deininger ក៏បានពិភាក្សាពីយន្តការមួយចំនួនដើម្បីទាញយកប្រាក់ចំណូលពីឥណទានកាបូន តាមរយៈដំណាំដើមឈើដែលមាននៅទូទាំងប្រទេសកម្ពុជា ជូនដល់ប្រជាកសិករដែលជាអ្នកដាំដុះ។

ដោយឡែក សម្រាប់ផលិតកម្មកសិកម្ម គឺកម្ពុជាចង់ឱ្យមានការសិក្សាច្បាស់លាស់និងជំរុញការនាំចេញស្វាយចន្ទី។ ចំណែកផ្នែកសុវត្ថិភាពអនាម័យ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើឱ្យភាគីធនាគារពិភពលោកសហការរៀបចំរចនាមន្ទីរពិសោធន៍ថ្នាក់ជាតិ ដើម្បីធានាការពិនិត្យគុណភាពផលិតផលនិងសុវត្ថិភាពចំណីអាហារ និងការបង្ការការឆ្លងជំងឺផ្សេងៗ៕

World Bank Cambodia-ធនាគារពិភពលោកប្រចាំកម្ពុជា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។