ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា  ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ប្រវែងសរុប ២៨,៣៧២ គ.ម ស្ថិតក្នុងស្រុកព្រះស្តេច ក្រោមឥណទានសម្បទាន ធនាគារអភិវឌ្ឍន៍អាសុី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តមថ្នាក់ដឹកនាំក្រសួងនានា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនយុវនារី បងប្អូនប្រជាពលរដ្ឋស្រុកព្រះស្តេច សរុប៣,០០០នាក់ផងដែរ។

សូមបញ្ជាក់ថា កំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-កគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុបជាង២៨គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងនូវអនុសាសន៍ល្អៗមួយចំនួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវពីការគិតគូរខ្ពស់ ប្រកបដោយចក្ខុវិស័យ ជាក់ស្តែង ការជួសជុលថែទាំផ្លូវមួយខ្សែនេះ ជាកត្តាសំខាន់ សម្រាប់ជួយសម្រួលដល់ការតភ្ជាប់ និងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅ និងការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែធូរធារីកចម្រើនទ្បើងបន្ថែមទៀត ធានាពង្រឹងវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្ត តាងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងបងប្អូនប្រជាពលរដ្ឋនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ និង​ជួបតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។