ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះកាត់ដេរសម្លៀកបំពាក់ និងបន្ទប់​ជួល​ជា​ច្រើន​បន្ទប់​.!

(ភ្នំពេញ​)៖​ ផ្ទះ​ស្តុក​កំណាត់​និង​កាត់​ដេរ​សម្លៀក​បំពាក់​មួយ​ខ្នង​និង​បន្ទប់​ជួល​ជា​ច្រើន​បន្ទប់​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បណ្តាលឱ្យខូចខាត​ស្ទេីរតែទាំង​ស្រុង​។    ហេតុការណ៍នេះបង្កឱ្យមាន​ការភ្ញាក់​ផ្អើល​ឡេីងកាល​ពី​វេលាម៉ោង​៣និង៣០នាទីទៀបភ្លឺ​ឈានចូលថ្ងៃទី​១៥ខែមិថុនា​ឆ្នាំ​២០២៣ននៅត្រង់​ចំណុច​ផ្ទះ​កាត់ដេរសម្លៀកបំពាក់​ ក្នុងភូមិ​ទំនប់​១​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

    តាមប្រភព​ព័ត៌មាន​ពីកន្លែង​កេីតហេតុ​បានឱ្យដឹង​ថា​ ផ្ទះ​កេីតហេតុ​គឺជា​ផ្ទះ​កាត់​ដេរ​សម្លៀក​បំពាក់​និងស្តុក​កំណាត់ ហេីយ​នៅ​ក្នុង​ផ្ទះ​នៃផ្នែក​ខាងក្រោយ​គឺជា​កន្លែង​ស្តុក​កំណាត់​ច្រើន​ជាងគេ​ ដោយ​នៅ​ម្តុំ​ផ្ទះ​កេីតហេតុ​ភាគី​ជាច្រើន​មិន​ថា​ផ្ទះ​ឬ​បន្ទប់ជួលនោះទេគឺ​សុទ្ធតែ​​កាត់​ដេរ​សម្លៀក​បំពាក់​។ នៅ​មុន​ពេល​កេីតហេតុ​ ខណៈ​ដែលប្រជាពលរដ្ឋ​កំពុង​តែ​សម្រាក​លង់លក់​យ៉ាង​ស្កប់ស្កល់​ ក៏​ស្រាប់​តែ​ឮសំឡេង​ម្ចាស់​ផ្ទះ​កេីតហេតុ​បាន​ស្រែក​ឆោឡោ​ឱ្យគេឯង​ជួយ​ រំពេច​នោះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​ផ្ទះ​កេីតហេតុ​បាន​ចេញ​មក​មេីល​ក៏​ឃេីញ​មាន​អណ្ដាត​ភ្លើង​កំពុង​តែ​ឆាបឆេះ​ចេញ​ពី​ក្នុង​ផ្ទះ​កេីតហេតុ​យ៉ាង​សន្ធោសន្ធៅ​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​នាំគ្នា​​ជួយ​ទាញ​ទុយយោ​ទឹក​បាញ់​ពន្លត់​ និង​ខ្លះ​ទៀត​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អណ្ដាត​ភ្លើង​ តែមិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​និងរថយន្ត​ពន្លត់​អគ្គិភ័យ​។ 

   ប្រភព​ដដែល​បន្ត​ថា បន្តិច​ក្រោយ​មក​ក៏មាន​សមត្ថកិច្ច​មូលដ្ឋាន​និងរថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រេីន​គ្រឿង​បាន​មក​ដល់ទីតាំង​កេីតហេតុ​ តែ​ដោយ​ស្ថានភាព​ផ្លូវ​មាន​ភាព​តូច​ចង្អៀត​ធ្វើ​ឱ្យពិបាក​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​ គឺបាន​ត្រឹម​តែ​រាយ​ទុយយោ​ពី​ខាងក្រៅ​ចូល​ទៅ​បាញ់​ពន្លត់​ ជា​ហេតុធ្វើអោយ​អណ្ដាត​​ភ្លើង​ឆាបឆេះ​រាលដាល​ដល់​បន្ទប់ជួល​ដែល​នៅ​ជាប់​សងខាង​នៃផ្ទះ​កេីតហេតុ​។ ខណៈ​ពេល​ដែល​កំពុង​តែ​ធ្វើការ​បាញ់ទឹក​ពន្លត់​ ក៏ស្រាប់​តែឮសំឡេង​គោះជញ្ជាំង​ពី​ក្នុង​បន្ទប់​ជួល​ដែល​ត្រូវ​បាន​ភ្លើង​កំពុង​តែឆាបឆេះ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​រួម​ជា​មួយ​សមត្ថកិច្ច​ក៏បាន​នាំ​គ្នា​វាយ​ទម្លុះ​ជញ្ជាំង​បន្ទប់​ផ្នែក​ខាង​ក្រោយ​និងបាន​នាំ​ស្ត្រី​ចំនួន​០៤​នាក់​ដែល​ជាប់​នៅ​ក្នុង​បន្ទប់​នោះចេញ​មក​ក្រៅ​ទាន់​ពេលវេលា​ និងបណ្តាល​ឱ្យស្ត្រី​ចំនួន​ពីរនាក់​ក្នុង​ចំណោម​០៤នាក់រងរបួសស្រាល។

    ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទើបគ្រប់គ្រងស្ថានភាពភ្លើងបានជាស្ថាពរ។ ចំពោះមូលហេតុមន្រ្តីជំនាញសន្តិដ្ឋានជាជំហានដំបូងថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។