ព័ត៌មានជាតិ

កងសង្គ្រោះ៧១១ និងកងពលតូចលេខ៧០ នៅតែបន្តស្វែងរកជួយសង្គ្រោះប្រជាពលរដ្ឋធំដោយជម្លៀសទៅកាន់ទីទួលសុវត្ថិភាព!

អាកាសធាតុនៅកម្ពុជា ទទួលរងនូវឥទ្ធិលខ្យល់ព្យុះបានបង្កឱ្យមានទឹកជំនន់ទឹកភ្លៀងបានបន្តនៅលិចលង់ សង្កាត់ចំនួន៦ ស្ថិតនៅក្នុងខណ្ឌដង្កោ, កងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញប្រតិបត្តិការ សង្គ្រោះនៅតែបន្តស្វែងរកប្រជាពលរដ្ឋដែលជាប់គាំងក្នុងផ្ទះទាំងយប់ទាំងថ្ងៃ ដើម្បីជម្លៀសមកកាន់ទីដែលមានសុវត្ថិភាព។ គិតមកដល់ពេលនេះ ប្រជាជនជាង ៣ពាន់នាក់ ត្រូវបានជម្លៀសចេញតាមទូកសង្គ្រោះ មកដល់ទីទួលបណ្តោះអាសន្ន ក្នុងនោះមនុស្ស ១,៧៦០នាក់ ត្រូវបានដាក់នៅទីតាំងផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមការអោយដឹងពីឧត្តមសេនីយទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលផែនសង្គ្រោះ បានឲ្យដឹងថា កម្លាំងកងសង្គ្រោះគ្រោះមហន្តរាយកងពលតូចលេខ៧០ ជាង១០០នាក់ ត្រូវបានចុះប្រតិបត្តិការសង្គ្រោះ ប្តូរវេនទាំងយប់ទាំងថ្ងៃ ដើម្បីជួយដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ។ ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា៖ ក្នុងរយៈពេល ៣ថ្ងៃនេះ កងកម្លាំងទាំងអស់ បានព្យាយាមជម្លៀសប្រជាពលរដ្ឋបានជាង ៣ពាន់នាក់ មកដល់ទីសុវត្ថិភាព ហើយកម្លាំងនៅតែបន្តចុះស្វែងរកប្រជាពលរដ្ឋបន្ថែមទៀតក្រែងមានករណីដែលមិនទាន់បានដឹង។

គួរបញ្ជាក់ជូនផងដែរថា នៅរាជធានីភ្នំពេញ ទឹកជំនន់បានបណ្តាល អោយលិចលង់ សង្កាត់ចំនួន៦ ស្ថិតនៅក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០មក។ គេឃើញមាន កងសង្គ្រោះរបស់កងពលតូចលេខ៧០, និងកម្លាំងចម្រុះ រួមគ្នាសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះជួយប្រជាពលរដ្ឋភ្លាមៗ តាំងតែពីថ្ងៃកើតហេតុដំបូង។ មានផ្ទះប្រជាពលរដ្ឋជាច្រើន ក្នុងតំបន់នេះទទួលរងនូវការជន់លិច និងខូចខាតទ្រព្យសម្បត្តិផ្សេងៗ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។