ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ចំនួន០២ខ្សែ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកចំនួន០២ខ្សែ ដែលផ្លូវលេខ៥៤២ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវលេខ៥០៧ ប្រវែង ៦២១ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូរំដោះទឹកចំនួន ៥២០កង់ និងកំណាត់ផ្លូវមុខវត្តទួលដូនប៉ុក ដល់ផ្លូវលេខ៥៤០ ប្រវែង៥០៣ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។​

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ផ្លូវនៅក្នុងសង្កាត់អូរចារ​ត្រូវបាន​ជួសជុលក្រាលបេតុងបានរួចស្រេចមួយចំនួនធំ ក្នុងនោះមានផ្លូវតូចៗជាច្រើនទៀតកំពុងបន្តធ្វើ ដូចនេះស្នើឱ្យអាជ្ញាធរសង្កាត់អូរចារ ខិតខំដោះស្រាយផ្លូវតូចៗទាំងនោះ ដោយប្រើប្រាស់នូវថវិកាដែលសង្កាត់មាន ដោយមិនត្រូវពឹងតែលើរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងតែមួយមុខនោះទេ ធ្វើយ៉ាងណាព្យាយាមដោះស្រាយផ្លូវតូចៗជូនប្រជាពលរដ្ឋឱ្យបានប្រើប្រាស់ ហើយរដ្ឋបាលខេត្តក៏នៅតែបន្តជួយដូចគ្នា ក្នុងនោះឯកឧត្តមបានស្នើសុំដល់រដ្ឋាករទឹក ធ្វើការដាក់កន្លែងទុយោសម្រាប់ភ្ជាប់ពេលមានអគ្គិភ័យកើតឡើង ពិសេសកន្លែងដែលពិបាករថយន្តអគ្គិភ័យចូលទៅដល់ទីតាំង ។ ឯកឧត្តមបានបន្តទៀតថា តាមការសន្យាជូនប្រជាពលរដ្ឋនៅសង្កាត់អូរចារ គឺត្រូវបានរៀបចំដាក់អំពូលសូឡាតាមដងផ្លូវនានានៅក្នុងសង្កាត់អូរចារ ក្នុងនោះឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានផ្ដល់នូវអំពូលសូឡានៅសង្កាត់អូរចារនេះ ចំនួន៣ភូមិជូនប្រជាពលរដ្ឋផងដែរ។

ក្នុងនោះឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវសូមមេត្តាសម្រួលដល់ក្រុមការងារជួសជុលផ្លូវ ក្នុងនោះត្រូវចូលរួមសហការដោយត្រូវផ្តល់ជាចំណីផ្លូវ ឬថយរបងរបស់ខ្លួនដើម្បីធ្វើការពង្រីកផ្លូវកាន់តែធំ ក្នុងនោះ​អាជ្ញាធរមូលដ្ឋានត្រូវធ្វើការសម្រួលដល់ប្រជាពលរដ្ឋក្នុងការថយរបងរបស់ខ្លួន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ។ ឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមការងារជំនាញ ពិនិត្យមើលផ្លូវថ្នល់ណាដែលបានជួសជុល និងកសាងដោយចាក់កៅស៊ូ ឬបេតុងហើយ ត្រូវរៀបចំអ៊ុតជាគំនូសនៅតាមដងផ្លូវឱ្យបានស្អាត ដោយឡែកសម្រាប់ផ្លូវចាស់ៗណាមិនមានប៉ះដល់គម្រោងកសាងស្ដារប្រព័ន្ធរំដោះទឹកកខ្វក់ទេ ត្រូវរៀបចំអ៊ុតគំនូសសម្គាល់ជាបណ្ដើរៗ និងត្រូវប្រើប្រាស់ថ្នាំដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានរយៈពេលយូរអង្វែង ។

បន្ទាប់ពីបើកការដ្ឋានរួច ឯកឧត្តម ព្រមទាំងក្រុមការងារជំនាញ ចុះពិនិត្យដំណើរការអ៊ុតគំនូសចរាចរណ៍បែងចែកទ្រូងផ្លូវលេខ ២១៣ ក្រោយរូបសំណាកលោកតាដំបងក្រញូូង ដល់ស្ពាន១៣មករា៕ដោយព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។