ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត​ខំប្រឹង​ប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។សម្តេចតេជោ បានលើកទឹកចិត្តឱ្យចៅក្រមប្រើយន្តការសម្របសម្រួលឱ្យអស់លទ្ធភាពលើរឿងក្តីនានា។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំចៅក្រមទាំងអស់ព្យាយាមសម្របសម្រួលរឿងទំនាស់គ្រួសាររវាង ប្ដី ប្រពន្ធ លើកទឹកចិត្តឱ្យមានការដោះស្រាយតាមរយៈការសម្របសម្រួល ជាជាងការដោះស្រាយឲ្យមានការលែងលះគ្នា។សម្តេចតេជោក៏បានណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការ
ខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាសយកថ្ងៃទី២៨ ខែសីហា ខាងមុខនឹងបើកកិច្ចប្រជុំលើកដំបូងនៃរដ្ឋសភា ហើយថ្ងៃទី២៩ ខែសីហា នឹងបើកកិច្ចប្រជុំ ព្រមទាំងស្បថចូលកាន់តំណែង របស់ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលថ្មីតែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩, ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨០ ដោយក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ។នៅសម័យនោះ, កម្ពុជាបានបង្កើតឱ្យមាន “តុលាការប្រជាជនបដិវត្តខេត្ត-ក្រុង” ដែលមានតែមួយថ្នាក់ប៉ុណ្ណោះ។នៅឆ្នាំ១៩៨២ តុលាការនេះ ត្រូវបានប្តូរឈ្មោះទៅជា “តុលាការប្រជាជនខេត្ត-ក្រុង និង អយ្យការអមតុលាការប្រជាជនខេត្ត-ក្រុង” ។ នៅឆ្នាំ ១៩៨៥, “តុលាការប្រជាជនកំពូល” និង “មហាអយ្យការអមតុលាការប្រជាជនកំពូល” ត្រូវបានបង្កើតឡើង ដោយក្រឹត្យឆ្នាំ ១៩៨៥ ។ នៅឆ្នាំ ១៩៩២ “សាលាឧទ្ធរណ៍” ទើបត្រូវបានបង្កើតឡើង។ជាបន្តបន្ទាប់, ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានរៀបចំចែកចេញជា “ជាន់” និង “ថ្នាក់ ពេញលក្ខណៈឡើងវិញ តាមរយៈច្បាប់ស្តីពីការចាត់តាំង និង សកម្មភាពរបស់សាលាជំរះក្តីនៃរដ្ឋកម្ពុជាឆ្នាំ ១៩៩៣ គឺមាន “តុលាការជាន់ទាប”, “សាលាឧទ្ធរណ៍” និង “តុលាការកំពូល” និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ។ បច្ចុប្បន្ន, សាលាដំបូង និង អយ្យការអមសាលាដំបូងបានដាក់ឱ្យដំណើការគ្រប់រាជធានី-ខេត្ត នៅទូទាំងប្រទេស ។ ចំណែកសាលាឧទ្ធរណ៍តំបន់ចំនួន ៣ ទៀត គឺសាលាឧទ្ធរណ៍ព្រះសីហនុ, បាត់ដំបង និង ត្បូងឃ្មុំ ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ។
ដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តី ឱ្យបានត្រឹមត្រូវ និង យុត្តិធម៌តាមច្បាប់, ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោបាស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើចំណុចសំខាន់ៗ ដូចខាងក្រោម ៖
១-ត្រូវដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការ ខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
២-ត្រូវលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ, សម្របសម្រួល ផ្សះផ្សារ បញ្ចប់វិវាទរវាងគូភាគី ឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ ។
៣-ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួល ដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា។
៤-សាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួន ប្រកបដោយគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់, ពិសេស ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។
៥-ក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និង តុលាការការងារ ប្រកបដោយគុណភាព, តម្លាភាព និង ភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និង ការធ្វើធុរកិច្ចនៅកម្ពុជា ហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា, ច្បាប់ស្តីពីលក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀត ឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង និង លើកកម្ពស់វិជ្ជាជីវៈច្បាប់ ប្រកបដោយតម្លាភាព, ទាំងបច្ចុប្បន្ន និងអនាគត។
មុននឹងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវ”អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នាពេលនេះ សម្ដេចតេជោក៏បានផ្ដល់កិត្តិយសអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃមួយចំនួនផងដែរ ដែលបានចូលរួមចំណែកក្នុងវិស័យយុត្តិធម៌នៅកម្ពុជាកន្លងមកនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។