ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះពិនិត្យប្រព័ន្ធបូមទឹកដើរដោយថាមពលព្រះអាទិត្យនៅខេត្តកំពង់ធំ

(កំពង់ធំ) ៖ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណប្រតិភូ ចុះធ្វើទស្សនកិច្ចប្រព័ន្ធបូមទឹកដើរដោយថាមពលព្រះអាទិត្យ ឬសូឡាមួយកន្លែង ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបង្កើតឡើងក្រោមថវិកាបដិភាគរបស់ប្រជាសហគមន៍ និងរបស់អង្គការដៃគូអភិវឌ្ឍន៍។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ប្រមាណជិត១០០នាក់ នៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ដែលពួកគាត់បានដាក់ទុនវិនិយោគក្នុងថវិកាបដិភាគបង្កើត និងគ្រប់គ្រងប្រព័ន្ធបូមទឹកដើរដោយថាមពលព្រះអាទិត្យ ជាជំនួយក្នុងការបូមទឹកសម្រាប់ស្រោចស្រពដីស្រែរបស់ពួកគាត់ និងជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលដើរដោយថាមពលប្រេងឥន្ទនៈមួយភាគធំ។

ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្រូវសរុបចំនួន ២៥៣.៣០០ ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ៤តោនក្នុងមួយហិកតា។ ចំណែកឡសម្ងួតស្រូវមានចំនួន ៣០ឡ ដែលមានសមត្ថភាពសម្ងួតស្រូវបាន៣ តោនក្នុងមួយម៉ោង។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តកំពង់ធំផលិតបានស្រូវក្នុងរង្វង់ពី ៦០ ទៅ ៧០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលអាចបំពេញតម្រូវការស្បៀងបានគ្រប់គ្រាន់ និងនៅសល់ស្រូវសម្រាប់នាំចេញប្រមាណ ៥០ម៉ឺនតោន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។