ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងកិច្ចសន្យាផលិតកម្មដំណាំស្រូវនៅខេត្តកំពង់ធំ

(កំពង់ធំ) ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះកិច្ចព្រមព្រៀងកិច្ចសន្យាកសិកម្មស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ រវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ចំនួន៤៦ ក្នុងខេត្តកំពង់ធំ។

ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា, ព្រមទាំងតំណាងសហគមន៍កសិកម្មជាច្រើនរូប។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម។ គំនិតផ្ដួចផ្ដើមឱ្យមានកិច្ចសន្យាកសិកម្មនេះ ធ្វើឡើងដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារសម្រាប់ប្រជាកសិករ។ ឯកឧត្តមថ្លែងបន្ថែមថា ការចុះកិច្ចសន្យាកសិកម្ម ទាមទារឱ្យភាគីទាំងសងអស់ ទាំងខាងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ គោរពកិច្ចសន្យា និងស្មោះត្រង់ជាមួយគ្នា។

ឯកឧត្តមរដ្ឋមន្ដ្រីបានជំរុញឱ្យសហគមន៍ប្រើប្រាស់ពូជសុទ្ធ និងអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ដោយក្រសួងគ្រោងនឹងរៀបចំប្រព័ន្ធកសិកម្មថ្មី ដែលជួយកសាងសហគមន៍ឱ្យរឹងមាំ តាមរយៈការដាក់ចេញគោលនយោបាយមន្រ្តីបច្ចេកទេសកសិកម្មតាមឃុំ និងការគិតគូរក្នុងការជួយសហគមន៍ឱ្យរឹងមាំ គឺត្រូវធ្វើការរួមគ្នាប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវរបស់សហគមន៍។

នៅចុងបញ្ចប់នៃមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ដ្រីបានយកឱកាសនេះ រំឭកអង្គពិធីទាំងមូលឱ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី ការបោះឆ្នោតនេះមានសារៈសំខាន់ណាស់សម្រាប់ការកំណត់ជោគវាសនារបស់វិស័យកសិកម្មកម្ពុជា និយាយដោយឡែក និងជោគវាសនារបស់ប្រទេសកម្ពុជា និយាយជារួម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។