ព័ត៌មានជាតិ

បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា(៧មករា១៩៧៩-៧មករា២០២១) ព្រមជាមួយពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃគោកស្រការ ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន

(ក្បូងឃ្មុំ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ នៅស្នាក់ការបក្សឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩- ៧មករា ២០២១) ព្រមជាមួយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគោកស្រុក ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋចំនួន២៥០នាក់។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនបងប្អូនទូទាំងស្រុកតំបែរ និងជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ប្រការ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានរំលឹកដោយសង្ខេបអំពីការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជំនះ ៧មករា គឺជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះគឺជាសក្ខីភាពមួយបង្ហាញអំពីស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះកម្មាភិបាលនិងប្រជាជន ដែលបានតស៊ូ ធ្វើពលិកម្មប្រកបដោយវីរភាពដ៏អង់អាចក្លាហានដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី និងវឌ្ឍនភាព។ ៤២ ឆ្នាំបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែយើងមិនអាចបំភ្លេចបានឡើយនូវស្រមោលអតីតកាលដ៏ខ្មៅងងឹតដែលពោរពេញទៅដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ សម្លាប់រង្គាល អត់អាហារ ធ្វើការហួសកំលាំង គ្មានវត្តអារាម សាលារៀន មន្ទីរពេទ្យ។ល។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ៤២ឆ្នាំ ក្រោយថ្ងៃ៧ មករា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅ ក្នុងតំបន់ និងលើឆាកអន្តជាតិ (អរគុណ និងការពារសន្តិភាពជារៀងរហូត)។ ក្រៅពីសមិទ្ធិផលដ៏ធំធេង និងមានតម្លៃមិនអាចកាត់ថ្លៃបាននេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយ និងបន្តយកចិត្តទុកដាក់លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក និងអភិក្រមទាំង ៥ របស់សម្តេចគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍”។ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តទាំងអស់នេះគឺរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព និរន្តរភាព និងឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ជាមួយនិងពិធីចូលរួមអបអរសាទរខួបអនុស្សាវរិយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករានេះ ឯកឧត្តមប្រធានបានអញ្ជើញ កាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្សឃុំគោកស្រុក ដែលជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ស្រុកតំបែរ។ ភ្ជាប់ទៅនឹងសមិទ្ធិផលនេះ ឯកឧត្តម ប្រធានបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ អាជ្ញាធរ សប្បុរសជន និងប្រជាពលរដ្ឋដែលបានចូលរូមសហការគ្នាទាំងកំលាំង និងថវិកា សម្រាប់ជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងឃុំ ពិសេសការសាងសង់ទីស្នាក់ ការ ដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។ មុននឹងបញ្ចប់ ឯកឧត្តមប្រធាន បានស្នើឱ្យអាជ្ញាធរឃុំ និងបងប្អូនប្រជាពលរដ្ឋមេត្តាជួយថែរក្សា ការពារសមិទ្ធផលនេះឲ្យបានគង់វង្សសម្រាប់ទុកបម្រើឲ្យសកម្មភាពបក្ស និងពហុប្រយោជ័នក្នុងសង្គមយើងទាំងពេលបច្ចុប្បន្ន និងអនាគត។ តាមរបាយការណ៍របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគោកស្រុក ឃុំត្រពាំងព្រីង និងឃុំតំបែរ បានឲ្យដឹងថាស្នាក់ការបក្សថ្មីនេះបានចំណាយថវិកាសរុបចំនួន ៥៤ ៦៤៩ដុល្លារ សម្រាប់សង់អគារស្នាក់នៅ បន្ទប់ធ្វើការ សាលប្រជុំ បំពាក់សម្ភារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។