ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំសេដា

(ត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី​០៤ ខែកក្កដា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅស្នាក់ការបក្សឃុំសេដា។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងអរគុណសកម្មជនគណបក្សប្រជាជនឃុំសេដា ចំពោះលទ្ធផលដ៏ត្រចះត្រចង់ ដែលបានមកពីការខិតខំអស់ពីកំលាំងកាយចិត្តលើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន ហើយបន្តជឿជាក់ ស្មោះត្រង់ និងមានភាពស្មោះត្រង់បោះឆ្នោតជូនបក្ស នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ប្រការចាំបាច់នៅពេលនេះ គឺអ្នកអង្កេតការណ៏ត្រូវពង្រឹងការងារគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវ ហើយសកម្មជនត្រូវពិនិត្យសម្របសម្រួល និងព្យាយាមដោះស្រាយជូនសមាជិកឱ្យមានលទ្ធភាពលទ្ធភាពបោះឆ្នោតបានទាំងអស់គ្នា។ លើសពីនេះទៀត សកម្មជនបក្សត្រូវចូលរួមឃោសនានៅតាមភូមិឃុំរបស់ខ្លួន ក្នុងអំឡុងពេលយុទ្ធនាការ ២១ថ្ងៃនេះឱ្យបានល្អបំផុត និងត្រូវវាយតម្លៃរកកំលាំងពិតដែលបោះឆ្នោតជូនបក្ស។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សមាជិកគណបក្សគឺមានកាតព្វកិច្ចចាំបាច់ណាស់ គឺត្រូវទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមយកជ័យជំនះជូនគណបក្ស ឈ្នះឱ្យខ្លាំង​ ឈ្នះឱ្យស្អាត​ និងឈ្នះឱ្យដាច់។ ដើម្បីសម្រេចលទ្ធផលនេះ សកម្មជនបក្សត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ និងជំរុញឱ្យសមាជិកទៅបោះឆ្នោត ដោយយកគោលការណ៍ចង្អុលដៃខ្មៅ គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយ។

សូមជម្រាបជូនថា គណបក្សឃុំសេដាមាន ២៤សាខាបក្សភូមិ ដែលមានប្រជាជនសរុប ១៩.៣១១នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ១០.៣៦៩នាក់ ហើយសមាជិកបក្សមានចំនួន ៧.៦៦៣នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។