ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន អញ្ជើញបន្តចុះពិនិត្យ និងជួបសំណេះសំណាលការងារជាមួយមន្ដ្រីរាជការ នៅវិទ្យស្ថានស្រាវជ្រាវកៅស៊ូ កម្ពុជា

(ក្បូងឃ្មុំ)នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ នេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីក៏បានអញ្ជើញបន្តចុះពិនិត្យ និងជួបសំណេះសំណាលការងារជាមួយមន្រ្តីរាជការនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិ៣២ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ គោលបំណងនៃការជួបសំណេះសំណាលនេះ គឺដើម្បីពិនិត្យមើលពីស្ថានភាពការងាររបស់វិទ្យាស្ថាន សុខទុក្ខរបស់មន្រ្តីរាជការ វឌ្ឍនភាពការងារ និងបញ្ហាប្រឈមផ្សេងៗ។

តាមរយៈនៃការចុះជួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការគាំទ្រដល់ការងារស្រាវជ្រាវកៅស៊ូ ដោយបានជំរុញឱ្យវិទ្យាស្ថាន ខិតខំផ្តោតលើការស្រាវជ្រាវពូជកៅស៊ូ ដែលអាចផ្តល់ផលិតភាពខ្ពស់ និងអាចទទួលផលក្នុងរយៈពេលឆាប់ ហើយត្រូវបង្កើនការស្រាវជ្រាវទៅលើបច្ចេកវិទ្យាទំនើបក្នុងការចៀរជ័រកៅស៊ូ ព្រោះថាចំពោះមុខ កំណើនសេដ្ឋកិច្ច ធ្វើឱ្យតម្លៃពលកម្មក្នុងវិស័យកសិកម្មមានការកើនឡើង។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំវិទ្យាស្ថាន ចូលរួមសិក្សាស្វែងយល់ពីបញ្ហាដែលខ្វះខាតការទាក់ទាញចំនួននិស្សិត សិក្សាផ្នែកដំណាំកៅស៊ូ ដើម្បីចែករំលែកនូវបច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗ ដល់សាកលវិទ្យាល័យក្នុងការទាក់ទាញសិស្សនិស្សិត។ ដោយឡែកពាក់ព័ន្ធនឹងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យខាងវិទ្យាស្ថាន ខិតខំសហការជាមួយវិស័យឯកជនដែលវិនិយោគលើដំណាំកៅស៊ូ និងសហការជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីចែករំលែកនូវបទពិសោធន៍ និងលទ្ធផលនៃការស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។