ព័ត៌មានជាតិ

មន្ត្រីជំនាញ កំពុងបន្តតាមដាន និងវិភាគ​រកសារធាតុមេតាណុល នៅក្នុងស្រា ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ១០នាក់ នៅខេត្តរតនគិរី !

(ភ្នំពេញ)៖ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុល នៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយ ក្នុងខេត្តរតនគិរី។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយដ្ឋានក.ប.ប.ប. បានចាត់បញ្ជូនមន្រ្តីជំនាញមន្ទីរពិសោធន៍ ទៅខេត្តរតនគិរី ដើម្បីចូលរួមសហការជាមួយសាខា ក.ប.ប. រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ១០នាក់ នៅខេត្តរតនគិរី។

នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ ក.ប.ប. បានប្រមូលសំណាកគំរូចំនួន ៨៦ និងបានធ្វើវិភាគបឋម ដោយប្រេីប្រាស់ឧបករណ៍ Methanol Analyzer និងបានរកឃើញថា មានសំណាកគំរូ ចំនួន៤ ក្នុងចំណោម ៤៩គំរូផ្សេងគ្នា ដែលបានវិភាគរួច មានផ្ទុកសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ ជាហេតុអាចបណ្តាលឱ្យពុលស្លា.ប់បាន។ បន្ថែមពីលើនេះ សំណាកគំរូស្រាទាំងនោះ ក៏ត្រូវបានបញ្ជូនមកមន្ទីរពិសោធន៍ នៅទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគបញ្ជាក់បន្ត។

មន្ត្រីជំនាញក.ប.ប. នៅតែបន្តសហការស្រាវជ្រាវ តាមដាន និងប្រមូលយកសំណាកគំរូស្រាពីបណ្ដាស្រុកផ្សេងៗទៀត នៅក្នុងខេត្តរតនគិរី ដើម្បីវិភាគបន្ត។

សូមជម្រាបថា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តរតនគិរី បាន​ប្រកាសថា គិតចាប់ពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ​កម្មករចំការចេក របស់​ក្រុមហ៊ុន ហ័ង អាញ អណ្ដូងមាស ដែលស្ថិតនៅស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន ១០នាក់ បានបាត់បង់ជីវិត ដោយសារពុលស្រា៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។