ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់កណ្ដាល អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំព្រៃចារ ស្រុកជើងព្រៃ

(កំពង់ចាម) ៖ នៅថ្ងៃទី​០៥ ខែកក្កដា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកជើងព្រៃ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅស្នាក់ការបក្សឃុំព្រៃចារ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ សកម្មជនគណបក្សប្រជាជនកម្ពុជាឃុំព្រៃចារ ដែលខិតខំអស់ពីកំលាំងកាយចិត្តលើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន។

យោងតាមះនុសាន៍ណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ឯកឧត្តម ឌិត ទីណា ក៏បានសង្កត់បញ្ជាក់ផងដែរថា សកម្មជនត្រូវជំរុញការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់បងប្អូនប្រជាពលរដ្ឋនិងសមាជិកបក្ស ដោយបញ្ជាក់ពីរបៀបគូស ចំណុចត្រូវគូស និងរូបសញ្ញាឡូហ្គោ ដើម្បីឱ្យពួកគាត់ងាយចងចាំ ព្រមទាំងសាកល្បងការគូសដើម្បីធានាឱ្យបាននូវភាពច្បាស់លាស់ត្រឹមត្រូវសម្រាប់ការគូសសន្លឹកឆ្នោតជាក់ស្តែង។ បន្ថែមលើនេះទៀត គឺការពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវគ្រប់គ្រាន់ ដើម្បីធានាថាពួកគាត់អាចទៅបោះឆ្នោតបានគ្រប់គ្នា និងទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សកម្មជនបក្ស ក្នុងនោះអ្នកអង្កេតការត្រូវពង្រឹងឱ្យបានរឹងមាំបន្ថែមលើការគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវល្អ និងទាន់ពេលវេលា ហើយសកម្មជនត្រូវយកចិត្តទុកដាក់ទាំងបរិមាណ និងគុណភាពឱ្យបានច្បាស់លាស់ ដោយយកគោលការដៃខ្មៅទាំងអស់គ្នាគឺសមាជិកបក្សត្រូវបោះឆ្នោតនិងបោះជូនបក្សជាការចាំបាច់ ព្រោះសមាជិកម្នាក់គឺសន្លឹកឆ្នោត ១សន្លឹក។ ចំពោះអ្នកដែលមិនទៅបោះឆ្នោត គឺមិនអាចមានលទ្ធភាពឈរឈ្មោះឱ្យគេបោះឆ្នោតបានទេនៅអាណត្តិក្រោយៗទៀត។

សូមជម្រាបជូនថា គណបក្សឃុំព្រៃចារមាន ៦សាខាបក្សភូមិ ដែលមានប្រជាជនសរុប ៧.៨៧២នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៥.០៧៧នាក់ ហើយសមាជិកបក្សមានចំនួន ៤.០៩៧នាក់។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ គឺមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១២ មានដូចជាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិខ្មែរ គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សហ៊្វុនសុិនបុិច គណបក្សធម្មាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។