ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំកៀនជ្រៃ

(កំពង់ចាម) ៖ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅស្នាក់ការបក្សឃុំកៀនជ្រៃ ដែលមានអ្នកចូលរួមសរុប ៥៤នាក់ ស្រី ៩នាក់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តមអនុប្រធាន បានណែនាំឱ្យមានការយល់ចិត្តទុកដាក់ក្តាប់ចំនួនសមាជិកបក្សឱ្យបានច្បាស់លាស់ពិតប្រាកដ គឺមិនមែនគ្រាន់តែជាតួលេខនោះទេ តួយ៉ាងបទពិសោធន៍ពី អាណត្តិមុនៗ គឺចំនួនសន្លឹកឆ្នោតតិចជាងចំនួនសមាជិកបក្ស ដូច្នេះគណៈកម្មាធិការបក្ស ត្រូវគ្រប់គ្រងតួលេខឱ្យបានជាក់លាក់ និងធ្វើបច្ចុប្បន្នភាព ពិសេសដោះស្រាយបញ្ហាអ្នកចំណាកស្រុក ត្រូវណែនាំ និងសម្រួលការផ្ទេរជីវភាពបក្ស ដើម្បីពួកគាត់អាចបោះឆ្នោត នៅនឹងកន្លែងតាមជាក់ស្តែង និងបន្ថយការចំណាយ ហើយយើងមិនបាត់សន្លឹកឆ្នោត។

ឯកឧត្តមអនុប្រធាន បានលើកអំពីតួលេខចំនួន ៣ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ គឺទី១ ចំនួនសមាជិកទៅបោះឆ្នោត ទី២ គឺចំនួនអ្នកគាំទ្រ ក្នុងន័យនេះ សកម្មជនបក្សត្រូវយកគោលការចង្អុលដៃខ្មៅទាំងអស់គ្នា គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក ដូច្នេះចាំបាច់ត្រូវកំណត់គោលដៅអ្នកចំណាកស្រុកឱ្យពិតប្រាកដ និងជំរុញឱ្យសមាជិកបក្សទៅបោះឆ្នោត ទាំងអស់គ្នា ឱ្យបានទាន់ពេលវេលា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវកត់ត្រាទុកអ្នកដែលមិនទៅបោះឆ្នោត និងអ្នកមិនច្បាស់លាស់។ ហើយត្រូវចាំថាអ្នកមិនទៅបោះឆ្នោតឆ្នាំនេះ នឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបនៅអាណត្តិក្រោយៗទៀតឡើយ រីឯសមាជិកបក្សដែលមិនទៅបោះឆ្នោត មិនត្រូវទុកក្នុងបញ្ជីទៀតទេ។ ចំណុចទី៣ ចំនួនសន្លឹកឆ្នោតខូច ឬមិនបានការ ហើយសម្រាប់ការងារនេះ ក្រុមអ្នកអង្កេតការគណបក្សត្រូវពិនិត្យគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងតាមដានការរាប់សន្លឹកឆ្នោត និងត្រូវតវ៉ាការពារសន្លឹកឆ្នោតបានការរបស់យើង។

ក្នុងយុទ្ធនាការផ្សព្វផ្សាយ សកម្មជនត្រូវយកចិត្តទុកដាក់លើការបង្រៀនសមាជិកពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ពិសេសយុវជនទើបបោះឆ្នោតលើកដំបូង មនុស្សចាស់ និងអ្នកមិនចេះអក្សរជាដើម។ ជាមួយគ្នានេះដែរ ត្រូវផ្សព្វផ្សាយ និងអនុវត្តគោលការ ក៣ ឱ្យបានល្អ។

សូមជម្រាបជូនថា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំកៀនជ្រៃ បានរៀបចំចងក្រងគ្រប់គ្រង សមាជិកគណបក្សតាមប្រព័ន្ធកុំព្យុទ័រ ដែលមានសមាជិកគណបក្សចំនួន ២.៤៤៦នាក់ ស្រីចំនួន ១.៣០៨នាក់ ក្នុងនោះផងដែរ គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ មានគ្រួសារបក្សចំនួន ១.១១៩គ្រួសារ ក្រុមបក្សមានចំនួន ២៦៥ក្រុមបក្ស។ ក្នុងយុទ្ធនាការនៃឃោនាបោះឆ្នោត គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំកៀនជ្រៃ បានចុះជួបផ្សព្វផ្សាយគោលនយោបាយបក្សតាមខ្នងផ្ទះ ចែកខិត្តបណ្ណ ពិសេសបង្រៀនការគូសសន្លឹកឆ្នោតសាកល្បងបានយ៉ាងត្រឹមត្រូវ ដើម្បីធានាថាសមាជិកយល់ច្បាស់ពីរបៀបគូស និងគូសបានត្រឹមត្រូវ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។