ព័ត៌មានអន្តរជាតិ

ដំណឹងល្អ : បណ្តាប្រទេសក្រីក្របំផុតអាចរំពឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅចន្លោះចុងខែមករានិងពាក់កណ្តាលខែកុម្ភៈ, នេះបើតាម WHO

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានឲ្យដឹងថា បណ្តាប្រទេសក្រីក្របំផុតនៅពិភពលោក អាចរំពឹងថានឹងទទួលបានវ៉ាក់សាំង COVID-19 នៅចន្លោះចុងខែមករា និងពាក់កណ្តាលខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។

លោកស្រី ខេត អូប្រាយអ៊ែន (Kate O’Brien) ប្រធានផ្នែកវ៉ាក់សាំងរបស់ WHO បាននិយាយថា COVAX ដែលជាគម្រោងអន្តរជាតិស្តីពីការទិញនិងចែកចាយវ៉ាក់សាំង COVID-19 សម្រាប់ប្រទេសកំពុងអភិវឌ្ឍ សម្រេចបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន២ពាន់លានដូស ហើយដូសដំបូងក្នុងចំណោមនោះ នឹងចាប់ផ្តើមចែកចាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។

បើតាមលោកស្រី O’Brien វ៉ាក់សាំង COVID-19 ដែលគម្រោង COVAX ទិញបាន នឹងត្រូវចាប់ផ្តើមចែកចាយនៅចន្លោះចុងខែមករា និងពាក់កណ្តាលខែកុម្ភៈ ហើយវាគឺជាមធ្យោបាយដែលបណ្តាប្រទេសក្រីក្រនៅតំបន់អាហ្រ្វិក និងអាស៉ីខាងត្បូង ក៏ដូចជាប្រទេសដទៃទៀត នៅជុំវិញពិភពលោកដែលចូលរួមក្នុងគម្រោងនេះ ដោយមិនសូវមានលទ្ធភាពដើម្បីទិញដោយខ្លួនឯងផ្ទាល់ អាចទទួលបានវ៉ាក់សាំង COVID-19។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 គឺបាននិងកំពុងប្រព្រឹត្តទៅរួចស្រេចហើយ នៅតាមប្រទេសអ្នកមានៗ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងកាណាដា ជាដើម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។