ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០ ជាពិសេសការដោះស្រាយផលប៉ះពាល់ផ្លូវ៣៨ខ្សែ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

(សៀមរាប) នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅបន្ទប់ប្រជុំធំសាលាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតី់ភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមរបស់ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការ មេបញ្ជាការ និង រដ្ឋបាលក្រុងផងដែរ។

កិច្ចប្រជុំនេះបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំចំនួន០៦របៀបវារៈ ដោយបានលើកឡើងនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា គំនូសផ្លូវដែលសាងសង់រួច ភ្លើងបំភ្លឺសាធារណៈ សំណង់ សណ្តាប់ធ្នាប់សាធារណៈ និងគម្រោងផ្សេងទៀតដែលបានសិក្សារួច។ បន្ទាប់ពីការលើកឡើងរបស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត និងមន្ទីរជំនាញបានធ្វើការឆ្លើយបំភ្លឺជូនអង្គប្រជុំផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការថ្លែងអំណរគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ជាពិសេសបងប្អូនមានលំនៅដ្ឋាននៅតាមដងមាត់ស្ទឹងសៀមរាប បានសហការ និងបានស្ម័ត្រចិត្តក្នុងការរុះរើលំនៅដ្ឋានរបស់ខ្លួនទៅកាន់ទីកន្លែងថ្មី និង បងប្អូនប្រជាពលរដ្ឋដែលបានធ្វើការរុះរើលំនៅដ្ឋាន និង របងដែលបានប៉ះពាល់ ក្នុងការចូលរួមអភិវឌ្ឍន៍ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា អាជ្ញាធរខេត្ត បានសម្របសម្រួល និងពន្យល់ឲ្យបងប្អូនដែលមានការប៉ះពាល់ផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាបអនុវត្តទៅតាមជើងម៉ែត្រដែលបានកំណត់។ ក្នុងនោះឯកឧត្តមក៏បានដាក់នូវបញ្ជាមួយចំនួនដល់អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃខាងមុខនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នឹងមានការប្រែប្រួលអាកាសធាតុចុះត្រជាក់ខ្លាំង ស្របពេលដែលនៅប្រទេសជិតខាង ដែលកំពុងផ្ទុះនូវជម្ងឺកូវិដ១៩ អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការគ្រប់គ្រងឲ្យខាងតែបាន ចំពោះបងប្អូនបលករដែលវិលត្រឡប់មកពីក្រៅប្រទេស គឺត្រូវតែចូលទៅធ្វើចត្តាឡីស័ក មិនឲ្យថ្លោះធ្លោយឡើយ ។

ក្នុងនោះឯកឧត្តម អ៊ាន ឃុន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ សំខាន់ការទប់ស្កាត់ និងបង្កាព្យាបាលជម្ងឺកូវីដ ១៩ ។ ឯកឧត្តមប្រធានស្តីទីក៏បាន ធ្វើការថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ថវិកា ក្នុងការស្ថាបនាសាងសង់ផ្លូវ៣៨ក្នុងក្រុងសៀមរាប ក្នុងការអភិវឌ្ឍន៍របស់ខេត្ត ក្នុងការកែលម្អសោភណ្ឌភាពក្រុងទៀតផង ។

ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការវាយតម្លៃខ្ពស់ ពីការដឹកនាំរបស់អាជ្ញាធរ ក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ ក្នុងការអនុវត្តផ្សព្វផ្សាយនូវ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំងដោះស្រាយនូវរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។