ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា ដើម្បីជួយដោះស្រាយ និងជួយសម្រួលដល់អាជីវករបានដំណើរការលក់ដូរ ជាពិសេស ការសាងសង់ផ្សារកំពុងពពិលឡើងវិញ

(ខេត្តព្រៃវែង) នៅថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១លោក ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង បានជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាជីវករផ្សារកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីជួយដោះស្រាយ និងជួយសម្រួលដល់អាជីវករបានដំណើរការលក់ដូរ ជាពិសេស ការសាងសង់ផ្សារឡើងវិញ។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលស្រុក លោកមេឃុំ/មេភូមិ មន្រ្តីរាជការសាលាស្រុក និងបងប្អូនអាជីវករផ្សារកំពង់ពពិលទាំង៩១នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ដោយមានគោលការណ៍ណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈកម្មការចម្រុះ បានបូកសរុបលទ្ធផលខូចខាតដោយសារភ្លើងឆេះផ្សារកាលពីថ្មីៗកន្លងទៅនេះ និងធ្វើការវាយតម្លៃនូវក្នុងការស្តារ និងរៀបចំផ្សារឡើងវិញ ដើម្បីអភិវឌ្ឍន៍ផ្សារនេះ ឲ្យមានទាំងសោភ័ណភាពទាំងអនាម័យបរិស្ថានល្អ ក្នុងការរក្សាទាំងបរិយាកាស ខ្យល់ចេញចូលឲ្យបានល្អប្រសើរ ជាពិសេស ក្នុងការរៀបចំសណ្តាប់ធ្នាប់នៃការលក់ដូរ ដោយរៀបចំរចនាតូបពីគម្លាតតូបលក់ដូរឲ្យបានល្អប្រសើរឡើងវិញ និងទុកចន្លោះផ្លូវដើរក្នុងផ្សារ និងការរៀបចំឲ្យមាននូវប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងក្នុងផ្សារ នៅតាមតូបនីមួយៗ និងនៅក្បែរៗជិតផ្សារ ដើម្បីបម្រុងទុកជាមុន នៅពេលមានហេតុការអាក្រក់កើតឡើងជាយថាហេតុ ដើម្បីបានដោះស្រាយជាបឋមនៅពេលកើតឡើង។

ជាលទ្ធផលនៃការជួបសំណេះសំណាលនេះ អាជីវករផ្សារកំពង់ពពិលទាំង៩១នាក់ បានមូលមតិជាឯកច្ឆ័ន្ទ យល់ព្រម និងសាទរលើការរៀបចំរបស់គណៈកម្មការរៀបចំសាងសង់ផ្សារដោយបានផ្តិតមេដៃឯកភាពទាំងស្រុងជាសំអាងជូនដល់គណៈកម្មការក្នុងការអភិវឌ្ឍនេះ។

តាមរយៈការសម្របសម្រួលក្នុងការសំណេះសំណាលនាព្រឹកមិញនេះ កម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមពីអាជីវករលើកឡើងជាសំណើ សំណូមពរ និងកង្វល់ដែលត្រូវបានដោះស្រាយរួចផងដែរ។

ជាថ្មីម្តងទៀត លោកអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ អាជីវករផ្សារកំពង់ពពិលទាំងអស់ និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាមកចូលរួមក្នុងពិធីនេះ និងសូមជូនពរ ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។