ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិក សមាជិកាគណបក្ស

ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បាអញ្ជើញនចុះជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិក សមាជិកាគណបក្ស នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣នេះ នៅស្នាក់ការគណបក្សប្រជាជនស្រុកតំបែរ ដោយមានសកម្មជនបក្សចូលរួមសរុប ៣៥០នាក់។

ដោយស្នាមញញឹមចេញពីបេះដូងនៃកូនទេវតា ឯកឧត្តម បានសម្តែងនូវក្តីសប្បាយរីករាយជាអនេក និងមោទនភាពចូលរួមអបអរសាទរ ដែលស្រុកតំបែរ នៃខេត្តត្បូងឃ្មុំទទួលបានលទ្ធផលនៃការបោះឆ្នោត ១០០% ជាការសម្រេចបានល្អបំផុត ហើយសមិទ្ធផលនេះគឺពិតណាស់កើតចេញពីការលះបង់អស់ពីកំលាំងកាយចិត្ត និងពេលវេលារបស់សកម្មជន សមាជិកសមាជិកាគណបក្សជួយគាំទ្រឱ្យបក្សបានជាប់ឆ្នោតនៅនីតិកាលទី៧នេះ។

ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់នេះដែរ ឯកឧត្តម បានបន្តលើកទឹកចិត្ត និងណែនាំដល់សកម្មជនបក្សត្រូវពង្រឹងសមាជិកបក្ស ដោយត្រូវធ្វើបញ្ជីឱ្យបានច្បាស់លាស់ គឺទី១ ចំនួនអ្នកដៃខ្មៅជាគោលត្រូវមានចំនួនច្រើនជាង៨៥.៦% ដោយក្នុងនោះត្រូវគ្រប់គ្រងឱ្យច្បាស់នូវចំនួនអ្នកមិនទៅបោះឆ្នោត ដែលតាមច្បាប់ពួកគាត់នឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយបានទេ ទី២ពិនិត្យនិងជួយសម្រួលដល់ការផ្ទេរជីវភាពបក្សរបស់សមាជិកដើម្បីកុំឱ្យបាត់សន្លឹកឆ្នោត និងទី៣ ចំនួនសន្លឹកឆ្នោតមិនបានការគឺមានតិចជាងគេក្នុងខេត្ត ដែលត្រូវបន្តនៅអាណត្តិក្រោយៗទៀត។

បើតាម ឯកឧត្តម អនុប្រធានក្រុមការងារ វាគឺជាបទពិសោធន៍ល្អ ដែលយើងមានក្រុមអ្នកអង្កេតការណ៍មានជំនាញ មានការជូនព័ត៌មានបានរហ័សនិងរាយការណ៍បានទាន់ពេលវេលា ហើយការងារនេះយើងត្រូវមានភាពច្បាស់លាស់ និងយកទៅអនុវត្តបន្តនៅអាណត្តិខាងមុខឱ្យបានកាន់តែល្អបំផុត។

ដើម្បីជាការលើកទឹកចិត្ត និងតបតាមសំណូមពរ ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការគណបក្ស ឯកឧត្តម បានផ្ដល់ជូនការឧបត្ថម្ភ ដែលសមាជិកសមាជិការ បានសូមបង្វែរការឧបត្ថម្ភនោះទៅប្រើប្រាស់សម្រាប់អភិវឌ្ឍមូលដ្ឋានរបស់ខ្លួនវិញ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។