ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ) ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយសេចក្ដីសោមនស្សជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងទិវាដ៏នក្ខត្តឫក្សវិសេសវិសាលនេះ សម្ដេចក្រឡាហោម ស ខេង សូមសម្ដែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះវីរភាពដ៏អង់អាច មោះមុតប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង បម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន អស់រយៈពេល ជាច្រើនទសវត្សរ៍កន្លងមក។ ទន្ទឹមនេះ ពីមួយដំណាក់កាលទៅមួយដំណាក់កាល នៃនីតិកាលរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គទេសក៍ប្រកបដោយទេពកោសល្យ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងបានដាក់ចេញគោលនយោបាយ និងសម្រេចបានសមិទ្ធផលជាតិធំធេងជាច្រើនលើគ្រប់វិស័យ ជាពិសេស បានលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែលេចធ្លោថែមទៀតប្រកបដោយមោទនភាពនៅក្នុងតំបន់ និងសកលលោក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង់យ៉ាងមធ្យ័តក្នុងការថែរក្សាការពារនូវអធិបតេយ្យជាតិ បូរណភាពទឹកដី និងធានាបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ ក្នុងក្របខណ្ឌ នៃការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្ដេចតេជោ នាយករដ្ឋមន្តី តែងបានគិតគូរយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញគោលនយោបាយអាទិភាពនានា ជាអាទិ៍ ការដំឡើងប្រាក់បៀវត្ស គោលរបបសោធននិវត្តន៍ និងជំនួយសង្គមកិច្ចជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងបុគ្គលិក កម្មករ និងនិយោជិត សំដៅលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរឡើងជាលំដាប់។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចក្រឡាហោម ស ខេង តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និង មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្តី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ៕

ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។