ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​សៀមរាប​ បានបេីកកិច្ច​ប្រជុំ​ស្ដី​ពី​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ ចក្រភព​ខ្មែរ​លេីក​ទី​៨

(សៀមរាប) ៖នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា​ ឆ្នាំ​២០២៣​ ខែ​បសាឍ​ បញ្ចាស័ក​ ព.ស​ ២៥៦៧​ វេលា​ ០៩:០០​ នៅ​សាល​ប្រជុំ​លេខ​០១​ នៃ​រដ្ឋបាល​ខេត្ត​សៀមរាប​មាន​បេីកកិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នឹង​ការ​ រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ ​ចក្រភព​ខ្មែរ​លេីក​ទី​៨​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ វ៉ាត់​ ចំ​រេីន​ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរណ៍​ និងលោក​ស្រី​ ម៉ននី រង្សី​ អភិបាល​រងខេត្ត​ តំណាង​ដល់​ខ្ពង់​ខ្ពស់​ ឯកឧត្ដម​អភិបាល​ នៃគណៈ​អភិបាល​​ខេត្ត​ និង​មាន​ការ​ចូលរួម​ពី​លោក​ លោក​ស្រី​ ឯកឧត្ដម​ អាជ្ញា​ធរ​ជាតិ​អប្សរា​ នាយក​រង​រដ្ឋបាល​ ប្រធាន​មន្ទីរ​ អង្គភាព​ដែល​ពាក់ព័ន្ធ​ អភិបាល​ អភិបាល​រង​ក្រុង​ស្រុក​ ដែរ​ពាក់ព័ន្ធ​ទាំង​អស់​។

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរណ៍ បានមានប្រសាសន៍ថា​ កម្មវិធីអាណាចក្រម៉ារ៉ាតុន​នឹងចាប់ផ្ដើមកម្មវិធីរត់ នៅម៉ោង ៤៖៣០នាទីទាបភ្លឺ ក្នុងថ្ងៃទី​៦​ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដោយក្នុងនោះមានកីឡាករ កីឡាការនីចូលរួម ចំនួនប្រមាណជាង​ ២៥៥០នាក់​ ដោយមានការចូលរួមពីជនបរទេស ៥០០នាក់ ដែលកម្មវិធីអាណាចក្រម៉ារ៉ាតុន​ចែកចេញជា​ ៤វិញ្ញាសារ ដោយក្នុងនោះមានវិញ្ញាសារត់ចម្ងាយចំនួន​ រត់ចម្ងាយ ៤២គីឡូម៉ែត្រ​ រត់ចម្ងាយ ២១គីឡូម៉ែត្រ​ រត់ចម្ងាយ ១០គីឡូគីឡូមែត្រ​ និងរត់ចម្ងាយ ៣គីឡូម៉ែត្រ​។

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក​ស្រី​ ម៉ននី រង្សី​ អភិបាលរងខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក​ ដែលមានភូមិសាស្រ្តជាប់ពាក់ព័ន្ធ រួមទាំងកងកម្លាំងទាំង៣ប្រភេទ និងមន្ទីរអង្គភាព ត្រូវរួមសហការចាត់ចែងរៀបចំរថយន្តពេទ្យតាមដងផ្លូវគោលដៅ​ ជួយរៀបចំម៉ូតូស៊ីរ៉ែន​ រៀបចំភ្លើងបំភ្លឺតាមដងផ្លូវ​ អ្នកចូលរួមអបអរសាទរ តាមតម្រាយផ្លូវរត់​ ជួយសម្រួលចរាចរណ៍ និងរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ ក្នុងកំឡុងពេលពិធី តាមគោលដៅដែលគីឡាករ កីឡាការនីទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរ។ ត្រូវជំរុញឱ្យប្រជាពលរដ្ឋ​ និងអ្នកចូលរួមព្រឹត្តិការណ៍ទាំងអស់ត្រូវរក្សាអនាម័យ បរិស្ថាន និងសូមណែនាំដល់ ប្រជាពលរដ្ឋខ្មែរ នៅតំបន់អង្គរ​ និងតំបន់ដែលកីឡាករ កីឡាការនី ឆ្លងកាត់ ត្រូវចូលរួមអបអរសាទរ ការរត់របស់កីឡាករ កីឡាការិនីជាតិ និងអន្ដរជាតិ ដើម្បីជំរុញព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែទទួលបានជោគជ័យទៀតផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។