ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធវិមានឯករាជ្យ និងសមិទ្ធផលនានា ក្នុងក្រុងបាត់ដំបង

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា វិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបង ជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។

សម្ដេចក្រឡាហោម បន្ដថា វិមានឯករាជ្យ ព្រមទាំងសមិទ្ធផលសម្ពោធនាថ្ងៃនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង។ សម្ដេច បានបញ្ជាក់ថា ទីតាំងនេះ នឹងទាក់ទាញទាំងប្រជាពលរដ្ឋមកដើរកំសាន្ត និងហាត់ប្រាណ។ សម្ដេច បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត។

សម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តបាត់ដំបង ដែលពេញមួយនីតិកាលទី៦ មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេស ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ សម្ដេចក្រឡាហោម បានសង្ឃឹមជឿជាក់ថា រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់ដំបង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មី។ សម្ដេច បានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ក្រុមការងាររាជរដ្ឋាភិបាល បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឱ្យរាជរដ្ឋាភិបាល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។