ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំវេទិកាយុវជនក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព”

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាយុវជនក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព” ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងសិស្ស-និស្សិត។

ឯកឧត្តម អភិបាលរងខេត្ត មានប្រសាសន៍ថា ប្រជាជនកម្ពុជា ភាគច្រើនរស់នៅតាមទីជនបទ ហើយពួកគេងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ។ ជាញឹកញាប់ទឹកជំនន់ និងគ្រោះរាំងស្ងួត តែងគំរាមកំហែងដល់ប្រព័ន្ធស្បៀងអាហារ ហើយវានឹងមានការកើនឡើងកាន់តែញឹកញាប់នាពេលកន្លងមក និងអាចបន្តទៅអនាគត។ ដោយឡែកនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ស្ថានភាពអាហារូបត្ថម្ភនៅក្នុងខេត្តកំពង់ចាម មានលក្ខណៈល្អប្រសើរ ជាពិសេសអាហារូបត្ថម្ភសម្រាប់កុមារ និងមាតា គឺអាស្រ័យរបបអាហារចម្រុះ និងគុណភាពនៃអាហារ ការផ្គត់ផ្គង់អាហារនៅក្នុងគ្រួសារ ការផ្លាស់ប្តូរទម្លាប់ដែលទាក់ទងនឹងអាហារូបត្ថម្ភ សមត្ថភាពអ្នកថែទាំកុមារ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យព្រមទាំងការទទួលបាននូវសេវាសុខភាពនានា។

បញ្ហាកង្វះអាហារូបត្ថម្ភ កង្វះមីក្រូសារជាតិ និងជំងឺធាត់ គឺជាក្តីព្រួយបារម្ភថ្មីដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជ។ ដើម្បីដោះស្រាយបញ្ហាទាំងអស់ខាងលើ គឺធ្វើយ៉ាងណាឲ្យមានការចូលរួមពីគ្រប់វិស័យទាំងអស់ ដើម្បីធ្វើឲ្យប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំ មានភាពធន់ និងមាននិរន្តរភាព ជាពិសេសដើម្បីធានារបបអាហារប្រកបដោយសុខភាព។ ដូច្នេះយុវជន គឺជាគោលដៅសំខាន់ដែលត្រូវណែនាំឲ្យចេះគិតគូរពីអាហារូបត្ថម្ភសម្រាប់សុខភាពផ្ទាល់ខ្លួនរបស់ពួកគេ ហើយក៏ជាអ្នកដែលមានតួនាទី យ៉ាងសំខាន់ក្នុងការបញ្ចប់បញ្ហាអាហារូបត្ថម្ភ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។