ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ

(ភ្នំពេញ) ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ បន្ទាប់ពីសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដោយសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាដែលពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្រ្គាម និងធ្លាប់តែល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា បានក្លាយទៅជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាព មាននីតិរដ្ឋ និងស្ថិរភាពនយោបាយស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានព្រះមហាក្សត្រ ជាទីគោរពសក្ការៈ គង់ប្រថាប់ជាម្លប់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជាដែលពីមុនធ្លាប់ត្រូវបានហ៊ុមព័ទ្ធនិងឯកា ទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវមានសមាហរណកម្មពេញលេញនៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពនៃសកលលោក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។