ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ឆ្លៀតពេលខ្លីក្រោយប្រកាសចូលកាន់តំណែង ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ ក្រោយប្រកាសចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញហើយភ្លាម នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្លៀតពេលខ្លីដើម្បីជួបសំណេះសំណាលជាមួយគណៈស្នងការ នាយការិយាល័យ អធិការខណ្ឌ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្ដ្រីនគរបាលពាក់ព័ន្ធ។

ក្នុងជំនួបភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ដែលចូលរួមអបអរសាទរ និងគាំទ្រលោកក្នុងតំណែងជាអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានជំរុញឲ្យមន្ដ្រីនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារទៅតាមតួនាទី ភារកិច្ច និងជំនាញរបស់ខ្លួនដែលធ្លាប់ធ្វើកន្លងមក ដោយប្រក្រតីភាព និងដោយភក្ដីភាព។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានសង្កត់ធ្ងន់ថា លោកមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺមកតែម្នាក់ឯង មិនមានយកអ្នកណាមួយជាមួយនោះទេ ដូច្នេះមន្ដ្រីណាដែលធ្លាប់មានមុខតំណែង ឬតួនាទីអ្វីពីមុនមកនោះ ត្រូវបន្ដការងារទៅតាមជំនាញរបស់ខ្លួនធម្មតា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។