ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកដែលចង់ធ្វើបាតុកម្មនៅអាមេរិក កុំឱ្យធ្វើខុសច្បាប់ និងអនុវត្តន៍សិទ្ធិសេរីភាពហួសព្រំដែន

(ភ្នំពេញ) ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលចង់ធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅទីក្រុងញូវយ៉ក មិនត្រូវធ្វើរឿងខុសច្បាប់ និងអនុវត្តន៍សិទ្ធិសេរភាពហួសព្រំដែននោះឡើយ។

ឯកឧត្តមបណ្ឌិត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលប្រមាណជិត២ម៉ឺននាក់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការធ្វើបាតុកម្ម ពុំមានអ្វីចំណេញនោះឡើយ មានតែបំផ្លាញដល់មុខមាត់ប្រជាជាតិខ្មែរយើងទាំងមូល ហើយការចង់ធ្វើបាតុកម្មប្រឆាំងគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ មិនត្រូវបានលើកទឹកចិត្តឱ្យធ្វើជាដាច់ខាត។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នៅតែផ្តល់ការយកចិត្តទុកដាក់ជានិច្ចចំពោះខ្មែរនៅក្នុងប្រទេសទាំង១៧លាននាក់ រួមទាំងខ្មែរនៅក្រៅប្រទេសទាំងអស់ប្រមាណ១លាននាក់ផងដែរ ព្រោះពួកគេសុទ្ធតែមានឈាមជ័រជាខ្មែរ បើទោះបីជាមាននិន្នាការមិនដូចគ្នាក៏ដោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។