ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមសំណេះសំណាល និងជូនដំណើរនិស្សិតដែលនឹងត្រូវទៅចូលរួមកម្មវិធីហាត់ការរយៈពេល ១១ខែ នៅប្រទេសអុីស្រាអែល

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមសំណេះសំណាល និងជូនដំណើរនិស្សិតដែលនឹងត្រូវទៅចូលរួមកម្មវិធីហាត់ការរយៈពេល ១១ខែ នៅប្រទេសអុីស្រាអែល នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអបអរសាទរចំពោះនិស្សិតទាំង ២៥៥នាក់ ក្នុងនោះស្រី ៣៩នាក់ ដែលបានជ្រើសរើសទៅហាត់ការរយៈពេល ១១ខែនៅប្រទេសអុីស្រាអែល ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាពេលត្រឡប់មកមាតុប្រទេសវិញ។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រចំពោះការហាត់ការនេះ ដើម្បីចូលរួមលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល និងការអនុវត្តជំនាញជាក់ស្តែង ឈានទៅអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់បន្ថែមថា ប្អូនៗនិស្សិតនឹងមានឱកាសរួមចំណែកជួយដល់វិស័យកសិកម្ម តាមរយៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧ ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅតាមគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយបញ្ហានានាក្នុងផលិតកម្មបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងណែនាំដល់ក្រុមនិស្សិត ត្រូវមានទំនាក់ទំនងល្អ ចេះជួយគ្នាក្នុងនាមប្រជាជាតិតែមួយ ត្រូវមានការតាំងចិត្តខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពជំនាញ ភាសា មិនរើសអើងការងារ ហើយត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន មានភាពម្ចាស់ការ និងជាពិសេសត្រូវវិភាគពិចារណាថាតើការងារនិងបទពិសោធដែលរៀនសូត្របានពីបរទេស អាចយកមកអនុវត្តបានយ៉ាងដូចម្ដេចនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យមានភាពរីកចម្រើនឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានផ្ដាំផ្ញើដល់ប្អូនៗនិស្សិត ត្រូវគោរពច្បាប់ប្រទេសដែលខ្លួនទៅហាត់ការឱ្យបានល្អ។ ការណ៍នេះ សំខាន់ខ្លាំងណាស់ ព្រោះវាជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃ និងអត្តសញ្ញាណរបស់ជនជាតិខ្មែរនៅលើឆាកអន្ដរជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។