ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​​ ហ៊ុន ម៉ាណែត បានរំលេចលើឃ្លាថា ​“ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ)តែមួយ’’

(ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡលងថា ខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានកត់សម្គាល់នូវចំណុចជាច្រើនចេញពីប្រសាសន៍ និងអនុសាសន៍ របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាស។ ចំណុចដែលគួរតែរំលេចចេញពីប្រសាសន៍ដ៏មានថាមពលរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតជុំវិញការតែងតាំងមន្ត្រី គឺពាក្យថា «គុណធម៌ និងអភិក្រមការងារ»។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​​ បានរំលេចផងដែរលើឃ្លាថា ​“ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ…​ ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ)តែមួយ។” ប្រយោគដ៏មានអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅទាំងនេះបានបង្ហាញពី​​ វប្បធម៌​ ឬអាចនិយាយថាជាDNA នៃការឯកភាព​ សាមគ្គីភាពផ្ទៃក្នុងរបស់យើង​ ដែលតែងតែធ្វើឲ្យយើងមានភាពធន់​ និងកាន់តែរឹងមាំ​ជានិច្ច។

ជាការពិត​ គោលនយោបាយនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការអនុវត្តយុទ្ធសាស្ត្រដែលមានទស្សនវិស័យ​​វែងឆ្ងាយ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ​ជាមួយសមធម៌ និងយុត្តិធម៌សង្គម ក្នុងសមត្ថភាពប្រកួតប្រជែង។ ដូច្នេះ មិនថាតែការតែងតាំងមន្ត្រី ឬការអនុវត្តការងារក្នុងក្របខណ្ឌការងារអ្វីនោះទេ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​​ តែងតែប្រកាន់យកនូវគុណធម៌ (នៃការរៀបចំតែងតាំង) ឬអាចនិយាយថាជាការគោរពអភិក្រមការងារដើម្បីរក្សាតុល្យភាពនៃប្រតិបត្តិការការងារ និងធានានិរន្តរភាពរដ្ឋឆ្ពោះទៅមុខទាំងសង្គម​ ​សេដ្ឋកិច្ច និងនយោបាយ។

ក្នុងនាមជាសេនាធិការ​របស់រាជរដ្ឋាភិបាល​ យើងខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំ​លើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងប្តេជ្ញាជានិច្ចក្នុងការគោរពតាមទស្សនវិស័យ​​ និងគោលនយោបាយកំណែទម្រង់ដ៏មុតស្រួចឥតងាករេ​​​ ​ក្នុងគោលដៅដើម្បីជាតិ ​និងប្រជាជនរបស់យើង​ ​ជាពិសេស​ គឺដើម្បីសេចក្តីសុខសាន្តនិងសុភមង្គលសម្រាប់អ្នកជំនាន់ក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។