ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបការសម្តែងគួរសម និងពិភាក្សាការងារជាមួយលោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍ និងពិភាក្សាការងារមួយចំនួន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហការគ្នារវាងក្រសួង និងស្ថាប័នសារព័ត៌មានមួយនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់ និងតួនាទីនៃបណ្តាញសារព័ត៌មានសម្រាប់វិស័យកសិកម្ម ទាំងនៅក្នុងការជួយផ្សព្វផ្សាយពត៌មានដែលពិត មានមូលដ្ឋានច្បាស់លាស់ និងជៀសវាងឱ្យបាននូវការធ្វើឱ្យមានការភ័ន្តច្រលំ។

សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី សារព័ត៌មាន​ដើរតួសំខាន់ណាស់ ក្នុងការផ្ដល់ព័ត៌មានពិតដល់សាធារណជន ជាពិសេសបងប្អូនប្រជាកសិករ ឱ្យបានយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងភាពសមហេតុសមផលនៃការគ្រប់គ្រងវិស័យនេះ ដោយផ្អែកទៅលើយន្តការសេដ្ឋកិច្ចទីផ្សារសេរី និងការអនុលោមទៅតាមបទដ្ឋានពាណិជ្ជកម្មអន្តរជាតិជាដើម។

ជាការឆ្លើយតប លោក Mohan Bandam បានបង្ហាញនូវឆន្ទះនៃការបង្កើតភាពជាដៃគូដើម្បីប្រយោជន៍រួម និងជួយផ្សព្វផ្សាយព័ត័មានប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានក្រឹត្យក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។ លោក Mohan Bandam និងឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តោះផ្តូរយោបល់គ្នាលើប្រធានបទទូទៅមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។