ព័ត៌មានជាតិ

សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់កាកបាទក្រហមកម្ពុជា

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាអភិបាល នៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ នៃសាលាគណខេត្ត សាលាអនុគណ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ចំនួន២​ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ តាមរយៈសាខាខេត្តកំពង់ចាម ផ្តល់ជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន២គ្រួសារ​ នៅស្រុកកំពង់សៀម​ និងស្រុកកងមាស។

​ គួរបញ្ជាក់ថា ពិធីប្រគល់ផ្ទះមនុស្សធម៌ខាងលើ គឺជាផ្ទះទី១៥ និងទី១៦ ដែលមានទីតាំង២កន្លែងផ្សេងគ្នា ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនពលរដ្ឋទ័លលំបាក ២គ្រួសារ -គ្រួសារទី១ ឈ្មោះ ញ៉ិល សុខនី អាយុ៤៩ ឆ្នាំ រស់នៅ ភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីឈ្មោះ ស្រឿន សារិន អាយុ ៥១ ឆ្នាំ ជាជនពិការ ភ្នែក និងជើង មិនអាចធ្វើការបាន។

-គ្រួសារទី២ ឈ្មោះ ឡុំ ស្រីតូច អាយុ ឆ្នាំ រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី ១នាក់ អាយុ ៣ឆ្នាំ។

ដោយមើលឃើញពីស្ថានភាពដ៏លំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ជូន ២គ្រួសារនេះ ដែល ១ខ្នង មានតម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណខេត្រ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម- ស្រុកកងមាស និងសប្បុរសជន ជូន ក្រុមគ្រួសារ និង ក្មួយស្រី ឡុំ ស្រីតូច សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខាបានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ ទាំង២ សម្រាប់សង្កត់ផ្ទះថ្មីនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់ អាវយឺត ១២ , សាប៊ូ ដុំសម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មី ទាំង ២ខ្នងនេះ ចំនួនសរុប ២២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។