ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ជា សុមេធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មូលនិធិជនពិការ នៅទីស្តីការក្រសួង

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មូលនិធិជនពិការ នៅទីស្តីការក្រសួង។

មូលនិធិជនពិការ មានតួនាទីនិងភារកិច្ចផ្តល់មូលនិធិសម្រាប់ការអនុវត្តកម្មវិធីផ្សេងៗដែលជួយដល់ជនមានពិការភាព និងគាំទ្រដល់ស្ថាប័នគ្រឹះស្ថាននានាដែលផ្ដល់សេវាកម្មដល់ជនមានពិការភាពដូចជាផ្នែកសុខាភិបាល ស្ដារលទ្ធភាពពលកម្ម អប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងរកការងារឲ្យធ្វើ លើកកម្ពស់និងបង្កើនសុខមាលភាពរបស់ជនមានពិការភាពជាពិសេស÷ ១. ជនមានពិការភាពក្រីក្រ និងយោធិនមានពិការភាពដែលមិនបានទទួលសេវាស្ដារលទ្ធភាពពលកម្ម ២. គ្រួសារជនមានពិការភាព និងយោធិនមា នពិការភាព ដែលពឹងផ្អែកលើជនមានពិការភាពក្នុងជីវភាពរស់នៅ ៣. ជនមានពិការភាពក្រីក្រ និងយោធិនមានពិការភាពដែលទទួលបានសេវាស្តារលទ្ធភាពពលកម្ម ឬជនមានការភាពដែលមានជំនាញតែពុំទាន់ទទួលបានការងារធ្វើ និងផ្តល់ប្រាក់កម្ចីសម្រាប់ការសម្របសម្រួលសមស្រប។

បច្ចុប្បន្ន មូលនិធិជនពិការបានផ្ដល់សេវាស្ដារលទ្ធភាពពលកម្មនៅតាមសហគមន៍ចំនួន ៩២ ៩៤៦នាក់ ដែលក្នុងនោះជនមានពិការភាពទទួលបាន÷ ឧបករណ៍អវយវៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយនានា សេវាជួសជុលឧបករណ៍អវៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយនានា ការព្យាបាលដែលចលនា ផ្តល់ការស្នាក់នៅអំឡុងពេលទទួលសេវានៅមជ្ឈមណ្ឌលស្តារដល់ជនមានពិការភាព និងអ្នកកំដរ។

បានផ្ដល់សេវាស្ដារលទ្ធភាពពលកម្មនៅតាមសហគមន៍ចំនួន ៣១ ០០៥នាក់ ដែលក្នុងនោះជនមានការភាពទទួលបាន÷ សេវាជួសជុលចល័តលើឧបករណ៍ជំនួយនានា ផ្ដល់និងផ្លាស់ប្ដូរថ្មីនូវឧបករណ៍ជំនួយនានា សេវាបញ្ជូនទៅទទួលសេវាសុខាភិបាល អប់រំនិងផ្លូវច្បាប់ ការសម្របសម្រួលផ្ដល់ឱកាសទទួលបានការងារធ្វើ និងសេវាតាមដាននិងពិគ្រោះយាបល់។

បានផ្ដល់សេវាស្ដារលទ្ធភាពពលកម្មតាមបែបវេជ្ជសាស្ត្របានចំនួន ១៧៨ ៥៩៧នាក់ ដែលក្នុងនោះជនមានការភាពទទួលបាន÷ សេវាពិនិត្យ ព្យាបាល និងវៈកាត់ជំងឺភ្នែក សេវាពិនិត្យ ព្យាបាល និងវៈកាត់ដៃជើង មុខមាត់ ត្រចៀក បំពង់ក សេវាពិនិត្យព្តាបាលជំងឺហង់សិន និងសេវាស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង។

មូលនិធិជនពិការ មានមន្ត្រីរាជការក្រោមឱវាទសរុបចំនួន ៤១១ (ស្រី ១៤៦នាក់) បុគ្គលិកកិច្ចសន្យាសរុបចំនួន ១៣៧នាក់ និងបុគ្គលិកអង្គការ ចំនួន ១០២នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។